ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បច្ចុប្បន្នក្រសួងមានគម្រោង ជាច្រើនជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដែលត្រូវពន្លឿន ក្នុងការអនុវត្ត ឲ្យស្របតាមផែនការ សកម្មភាពរបស់ក្រសួង និងផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យបាន នូវសោភ័ណភាព ទីក្រុងបៃតង ។
ក្នុងកិច្ចប្រជុំពិភាក្សា ការងារពាក់ព័ន្ធ នឹងគម្រោងនានា របស់អគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងថា ផែនការសកម្មភាព គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ គឺជាការងារមួយដ៏ធំ និងសំខាន់បំផុត ដែលត្រូវតែយកចិត្តទុកដាក់ អនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាបាន នូវសោភ័ណភាព សុខុមាលភាព និងកំណើនសេដ្ឋកិច្ចជាតិ ។
លោកមានប្រសាសន៍ថា “បច្ចុប្បន្នក្រសួងមានគម្រោងជាច្រើន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដែលត្រូវពន្លឿន ក្នុងការអនុវត្ត ឲ្យស្របតាមផែនការ សកម្មភាពរបស់ក្រសួង និងផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យបាននូវ សោភ័ណភាពទីក្រុង ទីក្រុងបៃតង និងភាពទាក់ទាញ” ។
លោកបន្ថែម ផែនការមេគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់នៅខេត្តព្រះសីហនុ ត្រូវបានរៀបចំរួចហើយ ហើយស្ថានីយបូមទឹកកខ្វក់ ទាំងបីស្ថានីយ ដែលបានសិក្សារួច រួមទាំងការស្ដារ អូរ ប្រឡាយនានា ត្រូវពន្លឿនការសាងសង់ និងស្ដារឱ្យបានលឿនបំផុត ដើម្បីរក្សាបាននូវកំណើនទេសចរថែមទៀត ចូលទៅទស្សនានៅខេត្តជាប់ សមុទ្រមួយនេះ។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រី សាធារណការថ្លែងអំណរគុណ ចំពោះ មន្ដ្រីអគ្គនាយកដ្ឋាន ដែលបានខិតខំប្រឹងប្រែងអស់ ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ក្នុងការអភិវឌ្ឍវិស័យនេះ ឲ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។
លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានថ្មីនេះ ជួបពិភាក្សាឱ្យបានញឹកញាប់ថែមទៀត ដើម្បីសិក្សាស្រាវជ្រាវ ពីបច្ចេកទេសថ្មីៗ បទដ្ឋានគតិយុត្ត ពាក់ព័ន្ធ រៀបចំក្រុមការងារគ្រប់គ្រង ក្រុមការងារអនុវត្តផ្ទាល់ និងសហការគ្នាអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីរក្សាបាននូវសោភ័ណភាព សុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ៕