ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នឹងមិនផ្តល់ទិដ្ឋាការ ចំពោះជនបរទេសណា ដែលគ្មានឈ្មោះ ក្នុងប្រព័ន្ធ FPCS

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ តទៅ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នឹងអនុវត្តវិធានការ មិនផ្តល់ទិដ្ឋាការ បន្តរយៈពេលស្នាក់នៅកម្ពុជា ចំពោះជនបរ ទេសណា ដែលគ្មានឈ្មោះក្នុងប្រព័ន្ធ គ្រប់គ្រង វត្តមានជនបរទេសនៅកម្ពុជា(FPCS)។

យោងតាមសេចក្ដី ជម្រាបជូនស្នងការនគរបាល រាជធានី-ខេត្ត ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា «ក្នុងគោលដៅជំរុញអនុវត្តឲ្យ មានប្រសិទ្ធភាព នូវសេចក្តីណែនាំ លេខ ០២៨ ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រង វត្តមានជនបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នឹងអនុវត្តវិធានការ មិនផ្តល់ទិដ្ឋាការ បន្តរយៈពេលស្នាក់នៅ ក្នុងព្រះរាជា ណាចក្រកម្ពុជា ចំពោះជនបរទេសណា ដែលគ្មានឈ្មោះ ក្នុងប្រព័ន្ធគ្រប់គ្រង វត្តមានជន បរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ តទៅ ។

បន្ថែមពីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នើឲ្យស្នងការនគរបាល រាជធានី-ខេត្ត ត្រូវបន្តផ្ស ព្វផ្សាយ គោលការណ៍ណែនាំនេះ ជូនដល់ម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ឲ្យធ្វើ សេចក្តីរាយការណ៍ អំពី វត្តមានជនបរទេស ដែលបានមកស្នាក់នៅ ក្នុងលំនៅឋានរបស់ខ្លួន ទៅក្នុងប្រព័ន្ធគ្រប់គ្រងវត្តមាន ជនបរទេស នៅកម្ពុជា (FPCS) ដើម្បីទទួលបានការអនុញ្ញាត ឲ្យ បន្តរយៈពេលស្នាក់នៅ ៕

ដោយ៖ អេង ប៊ូឆេង

To Top
×