ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណការ ប្រកាសតែងតាំង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី

រតនគិរី ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្នុងសាលប្រជុំ សាលាខេត្ត លោក ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី។

មានប្រសាសន៍ នាឱកាសនេះលោក ថង សាវុន បានលើកឡើងថា ការផ្លាស់ប្ដូរ ឬផ្ទេរភារកិច្ចនេះ ធ្វើឡើងដើម្បីជំនួសប្រធានមន្ទីរចាស់ ដែលលោកនឹងត្រូវទទួលតួនាទី និងភារកិច្ចថ្មី នៅទីស្ដីការក្រសួង ។ លើសពីនោះទៅទៀត ការផ្លាស់ប្ដូរនេះ ក៏ដូចជាបណ្ដុះវប្បធម៌ចែក រំលែកបទពិសោធន៍ការងារ សាបព្រោះពហុជំនាញដល់មន្ត្រី បង្កើតគំនិតផ្ដួចផ្ដើមថ្មី និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការល្អ សំដៅពង្រីកចំណេះដឹង និងចំណេះ ធ្វើឱ្យបានទូលំទូលាយ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈដល់មន្ត្រីរាជការ និងចក្ខុវិស័យ របស់រដ្ឋបាលខេត្ត គឺចង់ឃើញមន្ត្រីទាំងអស់ មានពហុជំនាញ ទាំងជំនាញបច្ចេកទេស ជំនាញភាពជាអ្នកដឹកនាំ ព្រោះអ្នកទាំងនោះគឺ ជាទំពាំស្នងឬស្សី នាពេលអនាគត ។

លោក ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា វិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យមួយ ដែលដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ និងអភិវឌ្ឍ សេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងមាននិរន្តរភាព បើគ្មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ គ្រប់ច្រកល្ហក ប្រទាក់ក្រឡាគ្នា ដូចសរសៃរឈាម តភ្ជាប់ពីតំបន់មួយទៅ តំបន់មួយទៀតនោះទេ ក៏គ្មានការអភិវឌ្ឍដែរ ជាក់ស្ដែងខេត្តរតនគិរី ជាខេត្តប្រកបដោយសក្ដានុពលមួយ អាចពង្រីកវិសាលភាពរបស់ខ្លួន មិនត្រឹមតែជាខេត្តអេកូទេសចរណ៍ ប៉ុណ្ណោះទេ តែថែមទាំងជាខេត្តបោះជំហាន ទៅជាខេត្តមានឧស្សាហកម្ម ពាណិជ្ជកម្មដ៏មានសន្ទុះរីកចម្រើន គួរអោយគត់សម្គាល់។

ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការ បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ស៊ុន ប៉ូលីន ប្រធានមន្ទីរចាស់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារលើវិស័យ សាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះ ឱ្យមានការរីកចម្រើន គួរឱ្យកត់សម្គាល់ ហើយសង្ឃឹមថា បទពិសោធន៍ល្អៗទាំងនេះ នឹងត្រូវបានចែក រំលែកដល់ថ្នាក់ដឹកនាំ និងមន្ត្រី រាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីយកទៅអនុវត្តបន្ត។

លោករដ្ឋលេខាធិការ បានផ្ដាំផ្ញើ លោក សាយ សាមាន ដែលត្រូវមកជំនួសប្រធានមន្ទីរចាស់ ត្រូវខិតខំបំពេញការងារ អស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តដឹកនាំ មន្ទីរសាធារណការ និងដឹកជញ្ជូន ឱ្យមានការរីកចម្រើនថែមទៀត ស្របតាមការរីកចម្រើនរបស់ខេត្ត ។ ជាពិសេសត្រូវបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយ ភាពកក់ក្ដៅ ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធ ភាព និងតម្លាភាព ដើម្បីបន្តដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនឱ្យមានការរីកចម្រើនថែមទៀត។ ជាពិសេសត្រូវ សហការសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ និងរឹងមាំ ពង្រីកនិងពង្រឹងទំនាក់ទំនងល្អ ជាមួយថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់អោយបានល្អប្រសើរ។

ជាកិច្ចឆ្លើយតបនូវគុណូបការៈ និងការផ្ដល់ទំនុកទុកចិត្ត ក្នុងការតែងតាំងលោក ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី លោក សាយ សាមាន បានប្ដេជ្ញាចិត្ត គោរព តាមច្បាប់រដ្ឋធម្មនុញ្ញ បទប្បញ្ញតិ គោលការណ៍នានា របស់ព្រះរាជាណាចក្រកម្ពុជា អនុវត្តតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល រឹតចំណងសាមគ្គីផ្ទៃក្នុង និងសហការជាមួយមន្ទីរជុំវិញខេត្ត និងអាជ្ញាធរដែនដី ជាពិសេសអនុវត្តឱ្យបានជាដាច់ខាត នូវអនុសាសន៍ទាំង១១ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សំដៅលើកកម្ពស់ប្រសិទ្ធភាព គុណភាពការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យមានការរីកចម្រើន និងអភិវឌ្ឍថែមមួយកម្រិតទៀត ៕

To Top