ភ្នំពេញ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាអញ្ជើញ ទទួលសម្ភារពេទ្យ ទប់ស្កាត់កូវីដ១៩ ពីក្រុមហ៊ុនPernod Ricard Cambodge ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
សម្ភារដែលក្រុមហ៊ុនផ្តល់ជូន ក្រសួងសុខភិបាល រួមមាន៖ ខ្សែវីដេអូអប់រំជំងឺកូវីដ១៩ចំនួន ពីរទាក់ទងនឹងរបៀបលាងដៃជាមួយទឹកអាល់កុល និងការបង្ការកូវីដ១៩ពេល ធ្វើដំណើរតាមមធ្យោបាយសាធារណៈ ម៉ាស់ចំនួន៥០០០ អាល់កុលលាងដៃ៥០០០ដប ។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់ក្រុមហ៊ុន Pernod Ricard Cambodge ដែលសបញ្ជាក់នូវវប្បធម៌ នៃការចែករំលែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការ ការពារទប់ស្កាត់និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ឱ្យបានកាន់តែឆាប់រហ័ស។
ជាមួយគ្នានោះក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាសមាជិកនៃ Pernod Ricard Group បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បង្កើនការយល់ដឹងជាសាធារណៈ ទាក់ទងនឹងការការពារពីការចម្លងនៃមេរោគកូវីដ១៩។
ដោយសហការជាដៃគូជាមួយក្រសួងសុខាភិបាល យុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈចំនួនពីរត្រូវបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស តាមរយ:គេហដ្ឋទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ប៉ុស្តិ៍ទូរទស្សន៍ជាតិមួយចំនួន និងតាមបណ្តា-ខេត្តក្រុង នៅលើស្រ្គីន LCD និងLED នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព។
យុទ្ធនាការទី១ មានគោលបំណងអប់រំសាធារណជនអំពីអនាម័យដៃឱ្យបានត្រឹមត្រូវ ដោយការប្រើប្រាស់អាល់កុល ដែលមានសុវត្ថិភាពនិងមិនប៉ះប៉ាល់ដល់សុខភាព លាងសំអាតដៃ ដើម្បីកំចាត់មេរោគនិងបង្ការការចម្លង។ យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ទឹកអាល់កុលឬអាល់កុលជែលត្រូវមានកំរិតជាតិអាល់កុលពី៧០ ទៅ ៨០% និងទទួលស្គាល់ដោយក្រសួង។
យុទ្ធនាការទី២ ផ្តល់ការណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩នៅតាមទីសាធារណៈ និងក្នុងពេលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈឬមធ្យោបាយដឹកជញ្ជូនរួមគ្នា។ ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋប្រតិបត្តិនូវការអនុវត្តមួយចំនួន រួមមាន គម្លាតសង្គម ការអនុវត្តអនាម័យដៃឱ្យបានត្រឹមត្រូវដោយការលាងសំអាតជាមួយទឹកអាល់កុលឬអាល់កុលជែលដែលមានសុវត្ថិភាព ការពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ និងអំពីសារៈសំខាន់នៃការខ្ទប់ច្រមុះនិងមាត់នៅពេលក្អក និងចុងក្រោយការបើកបង្អួចយានយន្តឱ្យមានខ្យល់ចេញចូលល្អ និងជៀសវាងការប្រើប្រាស់ម៉ាស៊ីនត្រជាក់។
តាមរយ:ក្រសួងសុខាភិបាល ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ក៏បានឧបត្ថម្ភជាសម្ភារៈសុវត្ថិភាពចាំបាច់មួយចំនួន ដល់បុគ្គលិកពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកនៅតាមខេត្ត ទូទាំងប្រទេសកម្ពុជា។ អំណោយជាម៉ាសសំរាប់ពាក់ការពារសរុបចំនួន៥ម៉ឺនសន្លឹក និងអាល់កុលលាងដៃ សរុបចំនួន ៥ពាន់ដប ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល នឹងប្រគល់ជូនក្រសួងនៅថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២០ ។
លោក ម៉ាក រ៉ូសាឡេស អគ្គនាយកក្រុមហ៊ុនភើណូដ រីខាដ (ខេមបូដ) មានប្រសាសន៍ថា៖ ’ក្នុងនាមជាធុរ:កិច្ចដែលផ្តោតចំបងលើនិរន្តរភាព និងទំនួលខុសត្រូវ ភើណូដ រីខាដ ហ្រ្គុប (Pernod Ricard Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅជុំវិញពិភពលោក បានចាប់ផ្តើមនូវគំនិតផ្តួចផ្តើមដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងស្រុក ក្នុងគ្រាលំបាកនេះ។
លោកបន្តថា “យើងសង្ឃឹមថាការចូលរួមចំណែករបស់យើងនៅថ្ងៃនេះអាចជួយដល់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលក្នុងការងារដ៏សំខាន់របស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមនៃជំងឺកូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគំនិតផ្តួចផ្តើមទាំងនេះពិតជាឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីរួសរាយរាក់ទាក់ (the convivialité) ដែលស្ថិតនៅចំចំណុចកណ្តាលនៃបេះដូងរបស់ ភើណូដ រីខាដ ហ្រ្គុប គឺវប្បធម៌នៃការថែរក្សាគ្នាទៅវិញទៅមក”៕ដោយ៖ធី លីថូ