ព័ត៌មានជាតិ

លោកស្រីម៉ែន សំអនអំពាវនាវ ឲ្យប្រជាពលរដ្ឋ គ្រប់ថ្នាក់មូលដ្ឋាន ធ្វើអនាម័យរួមគ្នា ដើម្បីរួមគ្នាទប់ស្កាត់ ជម្ងឺCOVID-១៩

ស្វាយរៀង ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមជាប្រធានកិត្តិយស សាខាកាកបាតក្រហម ខេត្តស្វាយរៀង បានថ្លែងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ ថ្នាក់មូលដ្ឋានទាំងអស់ បង្កើនការធ្វើអនាម័យ ជាប្រចាំដើម្បីរួមគ្នាទប់ស្កាត់ ជម្ងឺរាតត្បាតCOVID-១៩ ទោះបីជាកម្ពុជា មានអ្នកឆ្លងកម្រិតតិចតួចពិតមែន តែមិនគួរប្រហ្វេសឡើយ ត្រូវបន្តប្រុងប្រយ័ត្នបន្តទៀត ទើបប្រសើរ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតី ក្នុងពីធីជួបសំណេះសំណាល ចែកអំណោយមនុស្សធម៌ ដល់ជនងាយរងគ្រោះ ចំនួន ៥៤គ្រួសារ ក្នុងស្រុករំដួលស្វាយរៀង នាព្រឹកនៅថ្ងៃព្រហស្បត្តិទី៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ នៅឃុំសង្កែស្រុករំដួលខេត្តស្វាយរៀង ។

ក្នុងនាមជាប្រធានកិត្តិយស សាខាកាកបាតក្រហម សាខាស្វាយរៀង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា អំណោយសប្បុរសធម៏នាថ្ងៃនេះ ក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងឱកាសនេះដែរ លោកស្រី ក៏បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួន និងធ្វើអនាម័យជាប្រចាំ ក្នុងការទប់ស្កាត់ពីជំងឺរលាក សួតប្រភេទថ្មី កូវីដ ១៩ ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានា របស់ក្រសួងសុខភិបាល អនាម័យល្អ ក្នុងការរស់នៅ ចូលរួមថែរក្សាអនាម័យ តាមរយៈការលាងសម្អាតដៃ ជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណា ដើម្បីការពារពីការឆ្លង នៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើង នៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើពិភពលោកផងដែរ ។ បើមានបងប្អូន ដែលទើបចំណាកស្រុក ត្រូវរាយការណ៍ ជូនអាជ្ញាធរដែនដីឲ្យបានដឹង ចំពោះបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេសដែល ត្រូវរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ប្រសិនបើមានអារៈដូចជា ក្តៅខ្លួន ហត់ពិបាកដកដង្ហើម ក្អក ឈឺក្បាល សូមប្រញាប់ទៅជួបគ្រូពេទ្យ ដែលនៅជិតបំផុត ដើម្បីធ្វើការពិនិត្យបន្ទាន់ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៍បាននាំអំណោយ ចែកជូនប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន៥៤គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង សាប៊ូ ២ ដុំ ក្រម៉ា ១ ថវិកា ៤០,០០០ រៀល ៕

To Top