ភ្នំពេញ៖ លោកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចដាក់វិន័យ កងកម្លាំងនគរបាលជាតិ ចំពោះ លោកវរៈសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង ទទួលបន្ទុកចរាចរណ៍ ដោយបានផ្អាកការងារជាបណ្ដោះអាសន្ន បន្ទាប់ពីលោកអធិការរងរូបនេះ បានអនុវត្តន៍ លេីសគោលការណ៍ណែនាំរបស់ ថ្នាក់ដឹកនាំបង្ករអោយប្រជាពលរដ្ឋមានការថ្នេីងថ្នាក់ ។
នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់មន្ត្រីនគរបាលជាតិ ត្រូវពង្រឹងវិន័យមន្ត្រី ក្នុងការអនុវត្តន៍ច្បាប់ អោយបានត្រឹមត្រូវ ទន់ភ្លន់ ម៉ឺងម៉ាត់ ។ ជាមួយគ្នានេះដែរ សូមប្រជាពលរដ្ឋ មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីសុវត្ថិភាព ក្រុមគ្រួសារយេីង សង្គមជាតិយេីង ។
សូមរំលឹកថា កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានប្រជាពលរដ្ឋ លើកគ្នាបិតផ្លូវតវា ដោយចោទសមត្ថកិច្ចថា អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជ្រុល ចាប់បុរសអ្នកបើករ៉ឺម៉ក វាយដាក់ខ្នោះ ព្រោះគ្មានប័ណ្ឌបើកបរ ។
ដល់ម៉ោង៣និង៣០នាទីរសៀល ទើបដោះស្រាយបញ្ចប់រឿងដោយឲ្យសមត្ថកិច្ច (ដែលវាយនិងដាក់ខ្នោះ អ្នកបើកបររ៉ឺម៉ក) មកសុំទោសជាសាធារណៈ នៅមុខមហាជនបញ្ចប់រឿង ម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កម្នាក់ ក្នុងចំណោមរ៉ឺម៉ក ៣គ្រឿង បានឲ្យដឹងថា ពួកគាត់ទាំងបីរ៉ឺម៉ក មានទីលំនៅឯខេត្តតាកែវ នាំគ្នាមករកស៊ី ដឹកពូកលក់ តាមមូលដ្ឋាន នៅខេត្តស្វាយរៀងជាច្រើនខែមកហើយ ស្រាប់តែនៅថ្ងៃទី១ ឧសភា ២០២០នេះ ក៏មានច្បាប់រឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវឲ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក មានបណ្ណ័បើកបរ គាត់ទៅធ្វើបណ្ណ័បើកបរមិនទាន់ ក៏សម្រេចសុំលក់ពូក អស់ត្រឡប់ទៅផ្ទះវិញទើបធ្វើបណ្ណ័បើកបរ ហើយនៅថ្ងៃទី២ ឧសភា ២០២០នេះសមត្ថកិច្ចចាប់ផាកពិន័យ ១៨ម៉ឺនរៀល គាត់គ្មានប្រាក់បង់លុះដល់ម៉ោង ១១និង៣៥នាទីព្រឹក សមត្ថកិច្ចឈរជើងនៅគោលដៅនោះ នាំគ្នាចេញទៅហូបបាយអស់ ពួកគាត់ក៏បើកម៉ូតូចេញដែរ ក៏ត្រូវសមត្ថកិច្ចដេញតាម និងចាប់វាយរួចដាក់ខ្នោះចាប់បញ្ជូន ទៅអធិការស្រុកចន្រ្ទា ពេលនោះមហាជនក្នុងភូមិឃើញ ក៏នាំគ្នាមកបិតផ្លូវតវ៉ មិនឲ្យសមត្ថកិច្ចចាប់ពួកគាត់យកទៅ៕
ទាក់ទិនករណីនេះដែរលោក វរៈសេនីយ៍ទោសួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក អធិការដ្ឋាននគបាលស្រុកចន្ទ្រាបានមានប្រសាសន៍ថា នេះគឺជាការរឹតបន្តឹងនូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ លោកសួគ៌ធីបន្តទៀតថា មូលហេតុ អ្នកបើកបរម៉ូតូរ៉ឺម៉ក គ្មានបណ្ណ័បើកបរ និងដឹកសំពីងសំពោងខុសបច្ចេកទេស សមត្ថកិច្ចបានឃាត់រ៉ឺម៉ក មកសាកសួរនិងធ្វើការផាកពិន័យ តាមច្បាប់ក៏ប៉ុន្តែម្ចាស់ម៉ូតូរ៉ឺម៉ករូបនោះ មិនព្រមបង់ប្រាក់ផាកពិន័យ ហើយបានបើកម៉ូតូរ៉ឺម៉កចេញ សមត្ថកិច្ចបានហៅឲ្យឈប់ ក៏ប៉ុន្តែអ្នកបើកបររ៉ឺម៉កមិនព្រមឈប់ទើបសមត្ថកិច្ចយើង បើករថយន្តដេញតាមទាន់នៅកន្លែងកើតហេតុ ខាងលើរួចឲ្យយកម៉ូតូរ៉ឺម៉ក ត្រឡប់មកកន្លែងសមត្ថកិច្ចឈជើងវិញតែអ្នកបើករ៉ឺម៉ក មិនព្រមទើបមានការចាប់វាយខ្នោះនិងមានការប្រតាយប្រតប់គ្នា កើតជារឿងរហូតមានប្រជាពលរដ្ឋនាំគ្នាមកតវ៉ា បិតផ្លូវតែម្តង។
ក្រោយពីមានការសម្របសម្រួល ពីលោកឧត្តមសេនីយ៍ត្រី ភោគសាខុន ស្នងការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង និងលោកអភិបាលស្រុកចន្ទ្រា បានចុះទៅសម្របសម្រួលម្ចាស់ម៉ូតូរ៉ឺម៉ក ទាំងបីគ្រឿងក៏ឈានដល់ការព្រមព្រៀង ដោយម្ចាស់ម៉ូតូរ៉ឺម៉ក ឲ្យសមត្ថកិច្ចទាំង៤រូបមកសុំទោស រូបគាត់ជាសាធារណៈនៅមុខមហាជន ហើយលោកវរៈសេនីយ៍ទោសួគ៌ ធី អធការរងស្រុកចន្រ្ទា បានចេញមកសុំទោសជាសាធារណៈ តាមការទាមទារបស់មហាជន ដូច្នេះប្រជាពលរដ្ឋក៏បានបំបែកគ្នា ទៅផ្ទះរៀងៗខ្លួន។សូមប្រជាពលរដ្ឋចូលរួម អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕