ភ្នំពេញ៖ ក្នុងឱកាសដែលថ្ងៃនេះ ជាថ្ងៃបុណ្យវិសាខបូជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ដែលគេប្រារព្ធធ្វើឡើង ដើម្បីគោរពរំលឹកកនឹកដល់ ព្រឹត្តិការណ៍ធំៗចំនួន៣ នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ឧសភានេះថា ថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៣ ដែលត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ គឺជាថ្ងៃបុណ្យវិសាខបូជា ដែលជាថ្ងៃសីលផងដែរ។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជន ទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។
សម្ដេចបញ្ជាក់ថា «បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ» ។
សម្ដេចបន្ថែមថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាន នៅទូទាំងពិភពលោកទៀតផង។
សម្ដេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ឋបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ហើយសូមបានសប្បាយរីករាយ ក្នុងថ្ងៃឈប់សម្រាកការងារនេះផងដែរ ៕