ព័ត៌មានជាតិ

លោក គឹម សុខ៖ ជំនួបរវាងសម្តេចតេជោ និងលោក កឹម សុខា បង្ហាញវប្បធម៌នយោបាយល្អ

ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍ នយោបាយលោក គឹម សុខបានលើកឡើងថា ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក កឹម សុខា អតីតមេបក្សប្រឆាំងបង្ហាញពី វប្បធម៌នយោបាយល្អ។

ជំនួបរវាងសម្តេចតេជោនិងលោក កឹម សុខា ធ្វើឡើងប្រមាណជា ៥០នាទី ក្នុងឱកាសលោក កឹម សុខា អញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធម្តាយក្មេក សម្តេចតេជោ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។

លោក គឹម សុខ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានលើកឡើងថា “ជំនួបនេះបង្ហាញ ប្រពៃណីវប្បធម៌នយោបាយល្អមួយ ប៉ុន្តែពុំមានការ ប្រែប្រួលនយោបាយអ្វីធំដុំ ពីជំនួបបែបនេះឡើយ”។

លោកថា លោក កឹម សុខា បង្ហាញជំហរត្រូវផ្លូវក្នុងការ ទាមទារឲ្យមានការផ្សះផ្សាជាតិ ហើយជម្លោះនយោបាយ ពិតជាត្រូវសម្រុះសម្រួលគ្នា តាមផ្លូវនយោបាយមែន ក៏ប៉ុន្តែគាត់មិនអាចងាកចេញពី គោលការណ៍ទាមទារ យុត្តិធម៌សមនឹងទទួលយកបាន ដូចដែលគាត់ធ្លាប់បានសន្ទនា ជាមួយអង្គទូតនានាកន្លងមកនោះទេ។

លោកបន្តថា “ជំនួបនេះ បើមើលត្រឹមរូបភាព សម្តេចតេជោ ហ៊ុន សែន បានចំណេញ ២យ៉ាង ៖ ទី១ មុខមាត់ និងទី២ បង្កើតជាការសង្ស័យរវាងគ្នា ក្នុងចំណោមក្រុមប្រឆាំង” ៕

To Top