ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បានបន្ដកិច្ច ប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង កែសម្រួលអនុក្រឹត្យលេខ១០៩ ស្ដីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃក្រសួងមហាផ្ទៃ ។
កិច្ចពិភាក្សានាពេលនេះ ដឹកនាំដោយ ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី តំណាង អគ្គស្នងការនគរបាលជាតិ តំណាង អគ្គនាយកចំណុះក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំង ភាគីពាក់ព័ន្ធជាច្រើនរូប ទៀតផងដែរ។
សូមជម្រាបថា អនុក្រឹត្យលេខ១០៩ នេះ មានគោលបំណងកំណត់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងមានគោលដៅកំណត់ដែន សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ហើយមានវិសាលភាពអនុវត្ត ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។
ជាងនេះទៀត អនុក្រឹត្យ១០៩នេះ បានបញ្ជាក់ពីបេសកកម្មដឹកនាំ របស់ក្រសួងមហាផ្ទៃ លើការគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់វិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិ លើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ អេង ប៊ូឆេង