នយោបាយ

លោក កឹម សុខា នឹងទទួលជួបជាមួយ បណ្ដាអង្គទូត នៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ សំខាន់ៗមួយចំនួន ជាបន្តបន្ទាប់

ភ្នំពេញ៖ លោក កឹម សុខា អតីតមេបក្សប្រឆាំង បានចេញមុខអះអាងថា លោក នឹងទទួលជួបជាមួយនឹង ឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសកាន់ លទ្ធិប្រជាធិបតេយ្យសំខាន់ៗមួយចំនួនជាបន្តបន្ទាប់។

លោក កឹម សុខា បានសរសរនៅលើ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ នេះថា «ក្នុងសប្តាហ៍នេះ លោកនឹងទទួលជួបជាមួយនឹង ឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសកាន់ លទ្ធិប្រជាធិបតេយ្យសំខាន់ៗមួយចំនួន ដែលមានស្ថានទូតនៅភ្នំពេញ ដោយផ្ទាល់នៅគេហដ្ឋានរបស់ខ្ញុំ ជាបន្តបន្ទាប់»។

លោកបន្តថា ដោយឡែកឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជា មួយចំនួនទៀត ដែលមិនមានទីតាំងស្ថានទូតនៅក្នុងទឹកដីកម្ពុជា ស្របពេលមានជម្ងឺកូវីដ១៩ មិនអាចមកជួបខ្ញុំផ្ទាល់បាន ក៏បានផ្ញើសារ និងទំនាក់ទំនងតាមបណ្តាញសង្គមមកសួរសុខទុក្ខខ្ញុំផងដែរ។

សូមរំលឹកផងដែរថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងជំនួបជាមួយលោកកឹមសុខា លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា បានសាទរចំពោះជំនួប រវាងឥស្សរជនខ្មែរទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក កឹម សុខា ។ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវការគាំទ្រ ចំពោះការជួបនេះ ដោយចាត់ទុកថាជារឿងវិជ្ជមាន៕ដោយ៖ បាន ធារ៉ូ

To Top