ព័ត៌មានជាតិ

អូស្រ្តាលី មានមោទនភាព ដែលក្លាយជាដៃគូ រយៈពេលយូរអង្វែងជាមួយកម្ពុជា ក្នុងការបោសសម្អាតមីន

ភ្នំពេញ៖ ក្រៅពីមានមោទនភាព ដែលក្លាយជាដៃគូ រយៈពេលយូរអង្វែងជាមួយកម្ពុជា ក្នុងការបោសសម្អាតមីន រដ្ឋភិបាលអូស្រ្តាលី នឹងបន្តការងារបោសសំអាតមីននេះ ដើម្បីជួយកម្ពុជាសម្រេចគោលបំណង ជាប្រទេសដែលគ្មានមីន ត្រឹមឆ្នាំ២០២៥ ។

យោងតាមហ្វេសប៊ុក ស្ថានទូតអូស្ត្រាលី នៅថ្ងៃទី១២ ឧសភានេះ បានឲ្យដឹងថា «តើអ្នកបានដឹងទេថា អូស្រ្តាលី បានកំពុងធ្វើការជាមួយកម្ពុជា លើវិស័យបោសសំអាតមីន តាំងពីឆ្នាំ១៩៩៤? អូស្រ្តាលីមានមោទនភាព ដែលធ្វើជាដៃគូ រយ∶ពេលយូរអង្វែងជាមួយកម្ពុជា ក្នុងការបោសសម្អាតមីន» ។

បច្ចុប្បន្នភាពជាដៃគូរបស់យើង ក្នុងការងារបោសសំអាតមីន មានសារៈសំខាន់ ជាងពេលណាៗទាំងអស់ ក្នុងសហគមន៌នៅមូលដ្ឋាន។ ដីស្រែចំការដែលមាន សុវត្ថិភាពដោយសារការដោះមីន បានអនុញ្ញាតិឲ្យប្រជាជនកម្ពុជា កាន់តែច្រើនធ្វើកសិកម្ម ជួយដល់គ្រួសារ និងសហគមន៌របស់គេ-តាមរយៈការរំដោះផ្ទៃដី និងបង្កើនផលិតកម្មកសិកម្ម ក្នុងកំឡុងពេលដែលពលករកម្ពុជា ជាច្រើនបានវិលត្រឡប់មកធ្វើ កសិកម្មវិញដោយសារជម្ងឺកូវីដ១៩។

តាមរយៈគម្រោងបោស សំអាតមីនដើម្បីលទ្ធផល អូស្រ្តាលីបានចាប់ដៃគូជាមួយអង្គការ UNDP និងអជ្ញាធរមីន ដើម្បីគាំទ្រការបោសសំអាតមីន នៅក្នុងខេត្តមួយចំនួនដែល រងការប៉ះពាល់ដោយសារមីន រួមមានខេត្ត បាត់ដំបង ប៉ៃលិន និង បន្ទាយមានជ័យ។ គម្រោងបោសសំអាតមីន ដើម្បីលទ្ធផល បានបោសសម្អាតដីដែលមានគ្រាប់មីន និងសំណល់ជាតិផ្ទុះ បាន២៤៤ គីឡូម៉ែត្រការ៉េ ចាប់តាំងពីឆ្នាំ២០០៦។

ដោយសារតែការងារបោសសម្អាតមីន មានលក្ខណៈស្របគ្នាជាមួយ តម្រូវការគម្លាតសុវត្ថិភាពសង្គម ដូចនេះការងារនេះនៅតែបន្ត ផ្តល់ការងារដល់ប្រជាជនកម្ពុជា និងដំណើការបោសសំអាតមីន លើដីកសិកម្ម ទោះបីជា មានជម្ងឺកូវីដក៏ដោយ។ អូស្រ្តាលីរំពឹងបន្តការងារនេះ ជាមួយកម្ពុជា តាមរយៈគម្រោងបោស សំអាតមីនដើម្បីលទ្ធផល ដើម្បីសម្រេចបាននូវ គោលបំណងរបស់កម្ពុជា ជាប្រទេសដែលគ្មានមីន ត្រឹមឆ្នាំ២០២៥ ៕

To Top