ព័ត៌មានជាតិ

១១ ថ្ងៃនគរបាលធ្វើការផាកពិន័យ យានយន្ដល្មើសច្បាប់ ជិត២ម៉ឺនករណី

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល១១ថ្ងៃ នៃការអនុវត្តរឹតបន្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោក នគរបាលធ្វើការផាក ពិន័យយានយន្ដ នៅទូទាំងប្រទេស ចំនួន ១៩៤០០ករណី ក្នុងនោះ ម៉ូតូ១៤២៧១ករណី។

សូមរំលឹកថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០ នេះតទៅ ក្នុងគោលបំណង កាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេស ឲ្យប្រជាពល រដ្ឋចូលរួម គោរពច្បាប់ចរាចរណ៍។

ក្នុងសន្និសិទសារព័ត៌មាន ស្ដីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ឹម យ៉ាន បានថ្លែងថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រូវអនុវត្តជារៀងរហូត ព្រោះ រាជរដ្ឋាភិបាលកំណត់យក ឆ្នាំ២០២០ គឺជាឆ្នាំនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍។

លោកថា ក្រោយរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេស ក៏មានការថយចុះផងដែរ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «១១ថ្ងៃកន្លងទៅនេះ គឺយើងបានខិតខំ រឹតបន្ដឹងអនុវត្តច្បាប់ ទូទាំងប្រទេស បានលទ្ធផល គឺយើងត្រូវត្រួតពិនិត្យឃើញ ករណីល្មើស គឺមានទៅដល់ ១៩០០៤ករណី ហើយក្នុងនោះ ល្មើសម៉ូតូ គឺមាន១៤២៧១ករណី ស្មើនឹង៧៥% នៃចំនួន ល្មើសសរុប ហើយល្មើសលើរថយន្ដគ្រប់ប្រភេទ គឺមាន៤៧៣៣ករណី ស្មើនឹង ២៥%»។

លោករៀបរាប់ថា អ្នកមិនពាក់មួកសុវត្ថិភាពជាង៧៩% អត់ផ្លាកលេខ១០% ល្មើសភ្លើងសញ្ញា ផ្លាកសញ្ញា៨% ដឹកលើសចំណុះ និងស្រវឹង ២%។ដោយឡែក រថយន្ដមិនពាក់ខ្សែក្រវ៉ាត៤៨% ល្បឿន២៦% ល្មើសសញ្ញា៦% ដឹកលើចំណុះ៦% ទូរសព្ទ៦% គ្មានបណ្ណបើកបរ៤% អត់ផ្លាកលេខ និងស្រវឹង៣%។

នាឱកាសនោះដែរ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោក ឈួន វ៉ន់ បានឲ្យដឹងថា រហូតដល់ពេលនេះ មានយានយន្ដនៅកម្ពុជាមកចុះបញ្ជីទាំងអស់ ប្រហែលជា៦លានគ្រឿង។

លោកថា មានរថយន្ដ៤០%ប៉ុណ្ណោះ មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ខណៈមាន ៦០% មិនមកឆៀកឡើយ៕

ដោយ ៖ អេង ប៊ូឆេង

To Top