ព័ត៌មានជាតិ

សាខាកាកបាទក្រហម ខេត្តកំពង់ចាម ទទួលអំណោយមនុស្សធម៌ ទុកសង្គ្រោះប្រជាពលរដ្ឋ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកិច្ចជុំគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្ត ដើម្បីត្រួតពិនិត្យការងារទទួលវិភាគទានពីសប្បុរសជន ទ្រទ្រង់ដល់សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីទុកសង្គ្រោះប្រជាជនដែលជួបគ្រោះមហន្តរាយផ្សេងៗ ។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា បានទទួល អំណោយមនុស្សធម៌ពីសប្បុរសជន ដែលចូលរួមវិភាគទានជួយទ្រទ្រង់ដល់សាខាកាក បាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។

ក្នុងឱកាសនោះដែរ សំណាងឱ្យ លោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៏នៃរដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងក្នុងនាមប្រធានគណៈកម្មាធិការសាខា លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ អស់លោក លោក ស្រី លោកឧកញ៉ា និងក្រុមការងារចុះជួយខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងវិស័យឯកជនក្នុងខេត្តទាំង អស់ ដែលបានចូលរួមបរិច្ចាគវិភាគទាន ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តនាពេលនេះ៕

To Top