ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួង សុខាភិបាល បញ្ជាក់ថា គ្មានការនាំចេញ មេរោគកូវីដ១៩ ពីកម្ពុជា ទៅកាន់វៀតណាមនោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វ៉ាន់ឌីន និងជារដ្ឋលេខាធិការ នៅថ្ងៃអាទិត្យទី ១៧ ខែឧសភា ឆ្នាំ២០២០ បានគូសបញ្ជាក់ថា ករណីឆ្លង ដែលបណ្តាញផ្សព្វផ្សាយព័ត៌មានវៀតណាម ចុះផ្សាយនោះ មិនមានភាពជាក់លាក់  ហើយក៏មិនអាចនឹងវាយតម្លៃថា ការចម្លងនេះ  គឺកើតចេញពីព្រះរាជាណាចក្រកម្ពុជានោះទេ។

លោកស្រី ឱ វ៉ាន់ឌីន បានគូសបញ្ជាក់ប្រាប់អ្នកកាសែត តាមបណ្តាញសង្គមតេឡេក្រាមឱ្យដឹងថា “ខ្ញុំសុំអនុញ្ញាតគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា   មកទល់ពេលនេះ  យើងមិនទទួលបានព័ត៌មានផ្លូវការណាមួយ ពីភាគីវៀតណាម ចំពោះករណីដែលបានលើកឡើង នៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។  ម្យ៉ាងទៀត  ក្រុមការងាររបស់ក្រសួងសុខាភិបាល  ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ ណាមួយស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ”។ 

បើតាមលោកស្រី តាមការចុះផ្សាយនោះទៀត  “គឺយើងក៏មិនអាចដឹងបានដែរថា  តើការដែលចម្លងនេះ  វាអាចឆ្លងនៅប្រទេសណាមួយដែរទេ ? ដោយសារការចម្លងវីរុសនេះ  វាអាចកើតមានឡើងគ្រប់ទីកន្លែង  គ្រប់កាលៈទេសៈ  និងគ្រប់ពេលវេលា ទាំងអស់    ជាពិសេសទៅទៀតនោះ  គឺនៅពេលដែលបុគ្គលធ្វើដំណើរចល័ត តែម្តង។   គ្រប់ព័ត៌មាន ដែលទទួលបាន យើងតែងតែធ្វើការស្រាវជ្រាវ នៅព្រះរាជាណាចក្រកម្ពុជារបស់យើង  ដោយបានធ្វើការរុករកឲ្យអស់លទ្ធភាព ហើយថ្ងៃនេះ  ខ្ញុំសូមជម្រាបជូនថា  យើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមាន ថ្មីណាមួយនោះទេតាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់យើងនេះ”។   

អ្នកនាំពាក្យក្រសួង សុខាភិបាលដ៏សកម្មរូបនេះ បានបន្ថែមថា “អញ្ចឹងខ្ញុំគ្រាន់តែសូមជម្រាបជូនថា  ករណីនេះមិនមានភាពជាក់លាក់  ហើយក៏មិនអាចនឹងវាយតម្លៃថា ការចម្លងនេះ  គឺកើតចេញពីព្រះរាជាណាចក្រកម្ពុជាយើងដែរ  ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម  បើគិតទៅហួសពី១៤ថ្ងៃទៅហើយមកទល់ពេលដែលចុះផ្សាយថារកឃើញវិជ្ជមាននោះ”។   

យ៉ាងណាក៏ដោយ បើតាមលោកស្រី រដ្ឋលេខាធិកា អះអាងថា ក្រសួងសុខាភិបាល នៅតែប្រកាន់ជំហរសហប្រតិបត្តិការ ល្អ  មានតម្លាភាព ជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តទៀត  ហើយប្រសិនបើយើងមានព័ត៌មាន  ឬក៏មានការវិវឌ្ឍន៍ថ្មីណាមួយដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ នេះ  ក្រសួងសុខាភិបាល  នឹងជម្រាបជូនសាធារណៈជនឲ្យបានជ្រាបជាមិនខានឡើយ។  

លោកស្រី ឱ វ៉ាន់ឌីន បន្ថែម “(ខ្ញុំ)សូមបញ្ជាក់ជូនសារជាថ្មីថា  មកទល់ថ្ងៃនេះ  ក្រសួងសុខាភិបាលកម្ពុជា   មិនទាន់រកឃើញមានករណីចម្លងវីរុសកូវីដ-១៩  ថ្មី  នោះទេ ។   អាស្រ័យហេតុនេះ  សូមសាធារណជនទាំងអស់  មេត្តាជ្រាបជាព័ត៌មាន  ហើយចូលរួមបន្តការពារខ្លួនកុំមានការឆ្លងវីរុសនេះ  ប្រសិនបើមានព័ត៌មាន  ឫមានបញ្ហាសុខភាព  សូមទាក់ទងទៅលេខ  ១១៥  ឫទៅស្វែងរកការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក”។

To Top