ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងអះអាងនៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ឱ្យដឹងថា គ្រប់ជើងហោះហើរទាំងអស់ ចូលក្នុងប្រទេសកម្ពុជា ចាំបាច់តែធ្វើចត្តាឡីស័កទាំងអស់ ដើម្បីបង្ការការនាំចូលមេរោគកូវីដ១៩។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា “វិធានការចត្តាឡីស័កនេះ ត្រូវធ្វើចាំបាច់ដើម្បីការពារការនាំចូលវីរុសកូវីដ១៩”។
តបទៅនឹងសំណួរដែលសួរថា ការធ្វើចត្តាឡីស័កនេះ សម្រាប់អ្នកធ្វើដំណើរតាមជើងហោះហើរ ពីកូរ៉េខាងត្បូងនោះ លោកស្រី បញ្ជាក់ថា “ការវាយតម្លៃបែបណានោះ អាស្រ័យលើការពិនិត្យរបស់ក្រុមការងារ នៅតាមច្រកទ្វារអន្តរជាតិ”។
លោកស្រី ឱ វណ្ណឌីន បន្ថែមថា “(ខ្ញុំ)សូមបញ្ជាក់ជូនសារជាថ្មីថា មកទល់ថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា មិនទាន់រកឃើញមានករណីចម្លងវីរុសកូវីដ-១៩ ថ្មីនោះទេ ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ហើយចូលរួមបន្តការពារខ្លួនកុំមានការឆ្លងវីរុសនេះ ប្រសិនបើមានព័ត៌មាន ឫមានបញ្ហាសុខភាព សូមទាក់ទងទៅលេខ ១១៥ ឫទៅស្វែងរកការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក”។
ដោយៈសយ សុធីតា