ព័ត៌មានជាតិ

ខែមេសា កម្ពុជានាំចេញអង្ករជិត ៧ម៉ឺនតោន

ភ្នំពេញ៖ ក្នុងខែមេសា ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករ ទៅក្រៅប្រទេស ចំនួន៦៩ ៣០៤ តោន កើនឡើង ចំនួន២៦ ៣៦២ (៦១,៤%) ច្រើនជាងបរិមាណនាំចេញ កាលពីខែមេសា ឆ្នាំ២០១៩ ចំនួន៤២ ៩៤២តោន។

យោងតាមរបាយការណ៍ ស្ដីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែមេសា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ដ ចេញផ្សាយ នាពេលថ្មីៗនេះថា ការនាំចេញអង្កររបស់ កម្ពុជា មានទិសដៅ៤៥ប្រទេស ក្នុងនោះ ៖ ចិន លំដាប់ទី១ (១២២ ០៩៤តោន) បារាំង លំដាប់ទី២ (៣៤ ៥៧៤តោន) ហ្កាបុង លំដាប់ទី៣ (១៦៥១១តោន) ម៉ាឡេស៊ី លំដាប់ទី៤ (១៥០៩៧តោន) អូស្ដ្រាលីលំ ដាប់ទី៥ (១៣៤៨៣តោន) ណេដឺឡែន លំដាប់ទី៦ (១៣៣៤៣តោន) វៀតណាម លំដាប់ទី៧ (១២៥៦៤តោន) អង់គ្លេស លំដាប់ទី៨ (៧ ៩៩៣តោន) ប៉ូឡូញ លំដាប់ទី៩ (៦ ៤២៦តោន) អេស្ប៉ាញ លំដាប់ទី១០ (៦២៧៩តោន) ហើយបច្ចុប្បន្ន ក្រុមហ៊ុនបាននាំចេញអង្ករ មានចំនួន៦៤ក្រុមហ៊ុន ផងដែរ។

ប្រភពដដែល ក៏បញ្ជាក់ដែរថា កាលពីខែមេសា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេសសម្រេចបានចំនួន ៥៩៧ ៥០៥ ហិកតា ស្មើនឹង១៣០% នៃផែនការចំនួន ៤៥៩ ៤៩៤ហិក តា។

បើតាមរបាយការណ៍ ការនាំចេញកៅស៊ូ មានបរិមាណបញ្ចេញលក់ សម្រេចបាន ចំនួន១៨ ៦០៤ តោន កើនចំនួន ៦៨៥៣តោន ស្មើនឹង៥៨% ធៀបខែមុខ កើនឡើងចំនួន៣ ៣២២តោន ស្មើនឹង២២%៕

ដោយ៖ អេង ប៊ូឆេង

To Top