ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រកាសស្វាគមន៍ បណ្ដាអង្គការសង្គមស៊ីវិល ឲ្យចូលរួម ជាមួយក្រសួង យុត្តិធម៌ នៅក្នុងយុទ្ធនាការ កាត់បន្ថយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានី-ខេត្ត ខណៈយុទ្ធនាការនេះ មិនមែនជាការជ្រៀតជ្រែក កិច្ចការតុលាការឡើយ ។
ក្នុងសន្និសីទ សារព័ត៌មានស្ដីពី “ការប្រកាសដោះស្រាយ បញ្ហាការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត” នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងថា “ក្រសួងយុត្តិធម៌ មានការប្រុងប្រយ័ត្នណាស់ ដើម្បីកុំឲ្យយុទ្ធនាការនេះ ទៅជាការនិយាយថា ជាការជ្រៀតជ្រែក ដល់កិច្ចការ តុលាការ ។ នេះក្រសួងយុត្តិធម៌ មានច្បាប់កំណត់ ត្រឹមត្រូវ ផង ! ចុះសង្គមស៊ីវិល តើមានសិទ្ធិអំណាចឯណា? ក្រសួង លើកទឹកចិត្ត ឲ្យសង្គមស៊ីវិល ធ្វើការងារជាមួយក្រសួង។ ក្រសួងយុត្តិធម៌ បើកទ្វារស្វាគមន៍ អង្គការសង្គមស៊ីវិល ចូលមកធ្វើការជាមួយយើង ។ យើងបើកទ្វារចំហរ ប៉ុន្តែយើងមិនចង់ ឃើញគាត់ប្រើអំណាច របស់គាត់ដែលគ្មានច្បាប់ ចែងលូកដៃចូលទៅក្នុងស្ថាប័នតុលាការ ហើយទៅធ្វើរបាយការណ៍មួយផ្សេង ។ អីចឹងខ្ញុំលើកទឹកចិត្តថា សង្គមស៊ីវិល បើកទ្វារស្វាគមន៍ សង្គមស៊ីវិល មកទាក់ទង ជាមួយក្រុមលេខាធិការដ្ឋាន ដើម្បីធ្វើការងារនេះ” ។
ក្នុងឱកាសនោះលោកបញ្ជាក់ថា បើចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី និងអ្នកពាក់ព័ន្ធយកយុទ្ធនាការ ដោះស្រាយការកក ស្ទះសំណុំរឿង នៅសាលាដំបូងរាជធានីខេត្ត ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ឬក៏ជាអំពើមួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះនឹងទទួលទោសយ៉ាងម៉ឹងម៉ាត់ និងតាមវិជ្ជាជីវៈផ្លូវច្បាប់ ។
លោកបន្ថែមថា “ខ្ញុំគិតថាមុននេះ ខ្ញុំក៏បានបញ្ជាក់ជូនដែរ នូវអភិក្រមការងារក្នុងយុទ្ធនាការចំនួន២ អភិក្រមទីពីរ គឺច្បាស់លាស់ គឺថាមិនអនុញ្ញាត ឲ្យមានករណី “ត្រីងៀតឆ្លៀតពង” ទេ ភាសា សាមញ្ញមានន័យថា មិនអនុញ្ញាត ឲ្យមានការឆ្លៀតឱកាស យកយុទ្ធនាការនេះ ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ឬក៏ជាអំពើមួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ! ទាក់ទងការងារនេះ ក្រសួងយុត្តិធម៌ បានបញ្ជាក់ហើយថា នឹងបើកចម្រុងម៉ឹងម៉ាត់ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ដែលបានប្រព្រឹត្តខុស នឹងទទួលមកវិញជាមួយនិងការឆ្លើយតប ម៉ឹងម៉ាត់ ទាំងផ្នែកផ្លូវច្បាប់ ទាំងផ្នែកវិជ្ជាជីវៈ” ។
លោកកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការ ដឹកនាំយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត មានជំនឿយ៉ាងម៉ុតមាំថា ប្រសិនបើមានការ ចូលរួម ដោយសុឆន្ទៈពីតូអង្គ ពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេលត្រឹមតែ៦ខែ ឬក៏ឬទៅ៩ខែ ប៉ុណ្ណោះការបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានី-ខេត្ត នឹងសម្រេចបាន៥០ទៅ៧០ភាគរយ នៃផែនការដែលបានកំណត់ ។
លោកកើត រិទ្ធ បានថ្លែងថា បច្ចុប្បន្ននេះមាន អ្នកកំពុងជាប់ឃុំប្រមាណ ១ម៉ឺន២ពាន់នាក់ ក្នុងចំណោមសំណុំរឿងសរុប នៅទូទាំងប្រទេស មានជិត ៤ម៉ឺនសំណុំរឿង។
លោកបន្តថា ការដោះស្រាយ ការកកស្ទះសំណុំរឿង តាមសាលាដំបូងរាជធានី-ខេត្ត នេះក្នុងគោលដៅការការពារនូវសន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់សារធាណៈ ជាពិសេសនោះ ជូនប្រជាពលរដ្ឋ ដែលក្រសួងបានដាក់ចេញ នូវយុទ្ធនាការប្រយុទ្ធប្រឆាំង មួយចំនួនក្នុងនោះមាន យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងខុសច្បាប់ យុទ្ធនាប្រយុទ្ធប្រឆាំង ការកាប់ព្រៃឈើ ហើយយុទ្ធនាការអនុវត្តន៍ភូមិ-ឃុំ មានសុវត្ថិភាពផងដែរ ។
លោកបញ្ជាក់ថា ពាក់ព័ន្ធនឹងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតចាប់ពីឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០ មានសំណុំរឿង គ្រឿងញៀន សរុបជិត៣ម៉ឺនសំណុំរឿង មានអ្នកពាក់ព័ន្ធនឹងគ្រឿងញៀន ប្រហែល៦ម៉ឺននាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះមួយចំនួន អ្នកប្រើប្រាស់គ្រឿងញៀន ត្រូវបានបញ្ជូល ទៅមណ្ឌលអប់រំកែប្រែ និងអ្នកខ្លះទៀត បានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតីវិធីតាមច្បាប់ ។ ហើយគ្រឿងញៀនដែល រឹបអូសបានមានចំនួន១៦៥៩គីឡូក្រាម ។
លោករដ្ឋមន្ត្រីបន្ថែមថា នៅពេលធ្វើយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងយុទ្ធនាការផ្សេងៗទៀត បានធ្វើឲ្យសំណុំរឿង នៅតាមសាលាដំបូង រាជធានី-ខេត្ត មានការកើនឡើង ជាលំដាប់ផងដែរ ។
លោកថា បើធ្វើការផ្ទៀតផ្ទាត់ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត គិតសំណុំដែល បានកាត់(មិនមែនសំណុំរឿងដែលចាត់ការរួច មិនមានសាលក្រម ឬសាលដីការ ហើយ មិន រាប់បញ្ជូលសំណុំរឿង ដែលកាត់សេចក្តីបញ្ជូនទៅតុលាការជាន់ខ្ពស់) បើរាប់សំណុំ រឿង នៅសាលាដំបូង នៅទូទាំងប្រទេស មានសំណុំរឿងជិត៤ម៉ឺនសំណុំរឿង ក្នុងនោះមានអ្នក ជាប់ ឃុំនៅសាលាដំបូងរាជធានី-ខេត្ត មានប្រមាណជា១ម៉ឺន២ពាន់នាក់ ក្នុងចំណោម សំណុំ រឿង ជិត ៤ម៉ឺន។
ជាមួយគ្នានោះលោករដ្ឋមន្រ្តីបញ្ជាក់ថា សំណុំរឿងដែលនៅសល់ ពីចំណាត់ការឆ្នាំ២០១៩ (មានន័យថាសល់ពីឆ្នាំ២០១៧ និងឆ្នាំ ២០១៨) មានចំនួន ១ម៉ឺន២ពាន់សំណុំរឿង ហើយសំណុំរឿងចូលថ្មី មានប្រមាណ៧០០សំណុំរឿង ទៅ ៩០០រឿងក្នុងមួយខែ ។ ក្នុងរយៈពេល១ឆ្នាំ ចៅក្រមមួយរូបបាន ចាត់ការសំណុំ រឿង បាន១២៩រឿង ឬធម្យម ដែលជាទិន្នផលខ្ពស់ជាងគេ ក្នុងចំណោមសាលាដំបូងរាជធានី-ខេត្ត ផ្សេងទៀត ។ ប៉ុន្តែដោយសារសំណុំរឿង មានការកើនឡើងយ៉ាងកំហុក ហើយមានការខ្វះខាត ទាំងផ្នែកធនធានមនុស្ស និងសំម្ភារ មិនអាចដោះស្រាយបាននោះទេ ។ ក្នុងស្ថានភាពបច្ចុប្បន្ន ដែល មិនអាចដោះស្រាយបាន ទើបធ្វើឲ្យសំណុំចាស់ៗកប់ជ្រៅទៅៗ ដែលធ្វើឲ្យយឹតយ៉ាវសំណុំរឿងផងដែរ ។
លោកបន្ថែមថា “ក្រសួងយុត្រិធម៌ បានកំណត់ទិសដៅរបស់ខ្លួនថា ប្រស់បើមានការចូលរួម ដោយសុឆន្ទៈ ពីតួរអង្គពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេលពី៦ទៅ៩ខែ យើងអាច សម្រេច៥០ទៅ៧០ភាគរយ នៃផែនការ” ។
លោកថា ទោះតួរអង្គពាក់ព័ន្ធ ដោះស្រាយសំណុំរឿង បានប៉ុន្មានភាគរយក៏ដោយ ឲ្យតែធ្វើត្រឹមត្រូវតាមច្បាប់ ដោយមិនមានបញ្ហានោះ គឺចាត់ទុកថា ជាជោគជ័យដ៏ធំមួយ នៅក្នុងយុទ្ធនាការទាំងអស់ផងដែរ ។
ទាក់ទងជាមួយសំណុំរឿងកកស្ទះនេះ លោកបញ្ជាក់ថា ក្រសួងដោះស្រាយសំណុំរឿងទាំងអស់ ដោយមិនគិតប្រភេទសំណុំរឿង ណាមួយឡើយ ។
លោកបន្ថែមថា “យើងអត់មានការកំណត់ទេ គឺជាប្រភេទសំណុំរឿង ព្រហ្មទណ្ឌទាំងអស់ ចឹងនៅក្នុងការដោះស្រាយ ដើម្បីពន្លឿន ការស្វែងរកយុត្តិធម៌ ឲ្យបានឆាប់រហ័ស យើងអត់មានថាអានេះរឿងប្រភេទនេះៗទេ អ្វីដែលជាទន្ទឹងរង់ចាំ របស់ភាគីនៅក្នុងរឿងក្ដី គឺសំណុំរឿងរបស់គាត់នីមួយៗ អីចឹងក្នុងរបៀបវារៈរបស់ក្រសួងយុត្តិធម៌ ថ្វីត្បិតតែក្រសួងយុត្តិធម៌ បានលើកពីទិន្នន័យ នៃសំណុំរឿងគ្រឿងញៀន ក៏ពិតមែនប៉ុន្តែក្នុងរបៀបវារៈការងារ ពិតប្រាកនៃយុទ្ធនាការ គឺយើងធ្វើទៅលើគ្រប់បទល្មើសទាំងអស់” ៕ ដោយ៖ធី លីថូ