ព័ត៌មានជាតិ

២០១៩ ក្រសួងសេដ្ឋកិច្ច ប្រមូលចំណូល បានជាង ២ម៉ឺនប៊ីលានរៀល

ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តផែនការ ប្រមូលចំណូល សម្រេចបាន ១២៨,២ភាគរយ នៃច្បាប់ថវិកាឆ្នាំ២០១៩ ឬស្មើនឹង ២៧១៥៩ ប៊ីលានរៀល និងចំណាយថវិកាជាតិ សម្រេចបាន ៩៥,៤% ឬស្មើ១៩៧៥១ ប៊ីលានរៀល (ទិន្នន័យបណ្ដោះអាសន្ន)។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការ ទ្រទ្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឲ្យដឹងបន្តថា ប្រព័ន្ធគណនេយ្យភាពហិរញ្ញវត្ថុ ត្រូវបាន និងកំពុងកសាង តាមរយៈការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រេប់គ្រង ហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហ៊ានទី១និងទី២ ។ មកដល់ពេលនេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នៅថ្នាក់កណ្ដាល នៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថ រតនាគាររាជាធានី-ខេត្ត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តនិងក្រសួង-ស្ថាប័នចំនួន៣៧ ។

ការពង្រឹងនិងពង្រីក ការអនុវត្តថវិកាកម្មវិធី ជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំ និងកំណត់ការផ្លាស់ប្ដូរ ប្រព័ន្ធថវិកាកម្ពុជា ដើម្បីក្លាយជាឧបករណ៍ សម្រាប់ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ ។ គិតត្រឹមឆ្នាំ២០១៩ ថវិកាកម្មវិធី ត្រូវបានដាក់ឲ្យ អនុវត្តគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តចំនួន ១៨ ហើយរដ្ឋបាលរាជធានី-ខេត្ត ផ្សេងទៀត នឹងត្រូវដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២១ ។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ក្រសួងបាននិងកំពុងរៀបចំច្បាប់ស្ដីពី “ប្រព័ន្ធហិរញ្ញវត្ថុថ្មី” កែសម្រួលអនុក្រឹត្យ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ១៩៩៥ ស្ដីពីការបង្កើត ការត្រួតពិនិត្យ ហិរញ្ញវត្ថុលើចំណាយ ថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញនិងអង្គការសាធារណៈ និងអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្ដីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្ត យុទ្ធសាស្រ្តនៃការកែទម្រង់ ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ យុទ្ធសាស្រ្តកៀងគរ ចំណូលឆ្នាំ ២០១៩-២០២៣ យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្ម សាធារណៈឆ្នាំ២០២៩-២០២៥ និងយុទ្ធសាស្រ្តស្ដីពី ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្រ្តស្ដីពី ការគ្រប់គ្រងបំណុល សាធារណៈឆ្នាំ២០១៩-២០២៣ ហើយយុទ្ធសាស្រ្តនីមួយៗ មានផែនការសកម្មភាពលម្អិត ថដើម្បីឲ្យការអនុវត្តប្រកដដោយស្មារតី ទទួលខុសត្រូវ ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព ។

ដើម្បីជាយន្តការសម្រាប់ការគាំទ្រ ការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ប្រកដដោយជោគជ័យ និងចីរភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយនិង កំពុងរៀបចំបណ្ដុះបណ្ដាល តាមប្រព័ន្ធអនឡាញ និងរៀបចំផែនការ យុទ្ធសាស្រ្ត ស្ដីពីការកសាង និងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៤ ៕ ដោយ៖ធី លីថូ

To Top