ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនពលរដ្ឋ ៦០គ្រួសារ

កំពង់ចាម៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន ៦០គ្រួសារ បានទទួលអំណោយពី សាខាកាកបាទក្រហមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០
នៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម ។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន អំពីការខ្វះខាតរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកបាធាយនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាធាយ
បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូន ភ្លាមៗ ដល់បងប្អូនប្រជាពលរដ្ឋដែល រងគ្រោះដោយខ្យល់កន្ត្រាក់ ក៏ដូចជាចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន៦០ គ្រួសារ ។ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥ គីឡូក្រាម, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ត្រីខ ១០កំប៉ុង, ម៉ាស់ ៥បន្ទះ និងថវិកា ២០.០០០រៀល ៕

To Top