ព័ត៌មានជាតិ

ការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃ១ មិថុនា ដល់៣០វិច្ឆិកា

ភ្នំពេញ៖ ការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២០ នឹងត្រូវដាក់ឱ្យអនុវត្ត ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ការបង់ពន្ធ ក្នុងឆ្នាំ២០២០នេះ ម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ភីអិលស៊ី ឬនៅតាមធនាគារ ដែលបានចុះអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សេចក្ដីជូនដំណឹងបញ្ជាក់ថា ចំពោះក្រសួង -ស្ថាប័ន ឬអង្គភាព ដែលជាអាណាព្យាបាល ឬជាម្ចាស់កម្មសិទ្ធិនៃយានយន្ត ដែលត្រូវបាន លើកលែង ដូចមានចែងក្នុងប្រការទី៦ នៃប្រកាសលេខ ៥៣១ សហវ.ប្រក ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ) ដោយភ្ជាប់មកជាមួយ នូវបញ្ជីសារពើភណ្ឌយានយន្ត របស់ក្រសួងស្ថាប័ន ឬអង្គភាព ដែលបានស្នើសុំនោះ។

ប្រភពដដែលបន្ថែមថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះតទៅ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច នឹងចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធ និងផាកពិន័យ ចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាស បង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពី សារពើពន្ធជាធរមាន៕ ធី លីថូ

To Top