ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី២៧ ឧសភាដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។
តាមការចេញផ្សាយ របស់ក្រសួងធនធានទឹក នៅថ្ងៃទី ២៦ ឧសភា បានឲ្យដឹងថា តាមរយៈ នៃការប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញ ខ្យល់មូសុងនិរតី នឹងបក់ខ្លាំងមកលើកម្ពុជា ។ ស្ថានភាពបែបនេះ ចាប់ពីថ្ងៃ២៧ ឧសភា ដល់ថ្ងៃ២ មិថុនា នឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៦អង្សាសេ ។
ក្រសួងបន្តថា អាកាសធាតុបែបនេះ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើន ក្នុងនោះ ផ្នែកខ្លះ នៃវាលទំនាបភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។
ចំពោះបណ្ដាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៥អង្សាសេ។ ស្ថានភាពបែបនេះ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។
ដោយឡែក បណ្តាខេត្ត នៅភាគឦសានជាប់ វៀតណាម នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។
សម្រាប់បណ្តាខេត្ត នៅតំបន់មាត់សមុទ្រមានអប្បរមា ពី២៦-២៨អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤អង្សាសេ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។
ជាមួយគ្នានោះដែរ ក្រសួងឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ ៕ ដោយ ស. សំណាង