ព័ត៌មានជាតិ

កម្លាំងនគរបាល ខណ្ឌច្បារអំពៅ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយធ្វើសកម្មភាព ប្លន់ស្ត្រីរងគ្រោះ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ដែលវាយប្លន់ យកទ្រព្យសម្បត្តិ ពីស្រ្តីម្នាក់ បានសំរេច បណ្ដាលរបួស នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដូង សៀវ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅភូមិរបោះ អង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បាត់បង់ទ្រព្យសម្បត្តិ លុយ១០០ដុល្លារ និងរបួសជ្រាំក្បាលពោះ ដោយជនសង្ស័យ យកបំពង់ទីបវាយ ។

លោកអធិការ បានឃាត់ជនសង្ស័យ០១នាក់ ឈ្មោះចិន្តា តុលា ហៅតុ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ពីបទវាយប្លន់ទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋ ជាមួយបក្សពួកចំនួននាក់ រត់គេចខ្លួន៧នាក់ ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះដើរចេញពីកន្លែងធ្វើការទៅផ្ទះ ពេលមកដក់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០៨នាក់ ឈ្មោះ ចិន្តា តុលា, ឈ្មោះ ផ្លូច, ឈ្មោះម៉ែន និងបក្ខពួក ០៥នាក់ទៀត មិនស្គាល់ឈ្មោះជិះ ម៉ូតូ០៤គ្រឿង មកជិតជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ចិន្តា តុលា បានស្រែកថា នេះហើយប្រពន្ធ អាប៊ិន រួចនាំគ្នា ឈប់ម៉ូតូវាយទៅលើជនរងគ្រោះចំក្បាល និងដងខ្លួនជាច្រើនកន្លែង រួចជនសង្ស័យឈ្មោះ ផ្លូច យកដែកបំពង់ទីបវាយ ជនរងគ្រោះចំពោះ ចុកដួលទៅលើផ្លូវ ហើយជនសង្ស័យនាំគ្នា អូសជនរងគ្រោះចូល ក្នុងព្រៃក្បែរនោះ ឆែកយកលុយជនរងគ្រោះ ១០០ដុល្លារ នៅក្នុងហោប៉ៅខោ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។ លុះដល់ថ្ងៃទី ២៣ខែឧសភា ឆ្នាំ២០២០ ម៉ោង១១ និង៣០នាទី កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ចិន្តា តុលា នៅចំណុចភូមិ របោះអង្កាញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រួមនិងម៉ូតូ០១គ្រឿង បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ។ ចំណែកជន សង្ស័យឈ្មោះ ផ្លូច, ឈ្មោះ ម៉ែន និងបក្ខពួក ០៥នាក់ទៀត រត់គេចខ្លួនបាត់ និងធ្វើការស្រាវជ្រាវ តាមជំនាញនិងចាប់មកបញ្ជូល ទៅតុលាការបន្តនីតិវិធី ៕

To Top