ព័ត៌មានជាតិ

កម្ពុជា ស្នើអូស្រ្តាលី ពន្លឿនឲ្យមានជើងហោះហើរត្រង់ ដើម្បីជំរុញកំណើន ទេសចរកាន់តែច្រើន

ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើរដ្ឋាភិបាលអូស្រ្តាលី តាមរយ:លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឲ្យពន្លឿនការរៀបចំ ឲ្យមានជើងហោះហើរត្រង់ កម្ពុជា-អូស្ត្រាលី ដើម្បីជំរុញកំណើន ទេសចរកាន់តែច្រើន ខណៈចំនួនភ្ញៀវទេសចរពីអូស្ត្រាលី មកកម្ពុជាកើនឡើង គួរកត់សម្គាល់កាលពីឆ្នាំ២០១៩ ។

ក្នងជំនួបជាមួយលោកPablo Chiho Kang នៅថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២០លោក ថោង ខុន បានថ្លែងថាកន្លងមក ដើម្បីធ្វើដំណើរទៅមកកម្ពុជា-អូស្ត្រាលី ភ្ញៀវទេសចរ និងអ្នកដំណើរត្រូវឆ្លងកាត់ថៃ ឬសិង្ហបុរីមួយដំណាក់កាលសិន មុនចូលមកដល់កម្ពុជា ឬទៅដល់អូស្ត្រាលី។

លោកបន្តថា ទាក់ទងជាមួយបញ្ហានេះ “ខ្ញុំសូមស្នើរដ្ឋាភិបាលអូស្រ្តាលី តាមរយៈលោកឯកអគ្គរដ្ឋទូត Pablo Chiho Kang ជួយពន្លឿនការរៀបចំឲ្យ មានជើងហោះហើរត្រង់ កម្ពុជា-អូស្ត្រាលី ដើម្បីជំរុញឲ្យមានកំណើន ទេសចរកាន់តែច្រើន ខណៈចំនួនភ្ញៀវទេសចរពីអូស្ត្រាលី មកកម្ពុជាមានការកើនឡើង គួរឱ្យកត់សម្គាល់ (នៅឆ្នាំ២០១៩ មានចំនួនប្រមាណ១២ម៉ឺន នាក់)”។

ជាមួយគ្នានោះលោកក៏បានស្នើអូស្រ្តាលី ឲ្យផ្សព្វផ្សាយបន្ថែមកាន់តែខ្លាំង ពីគោលដៅទេសចរណ៍នៅកម្ពុជា ទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអូស្ត្រាលី ខណៈកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍ គោលដៅទេសចរណ៍របស់ខ្លួន យ៉ាងយកចិត្តទុកដាក់ និងបង្កើនស្ដង់ដាការពារសុវត្ថិភាព សុខភាពកាន់តែមានប្រសិទ្ធភាពជាងមុន ត្រៀមទទួលវត្តមានភ្ញៀវទេសចរ ដែលនឹងត្រឡប់មកទស្សនា នៅពេលក្រោយវិបត្តិជំងឺកូវីដនេះ។

ជាការឆ្លើយតបលោក Pablo Chiho Kang បានទទួលយកសំណើនិងសន្យាថា លើកយកសំណើរទាំង នោះជូនរដ្ឋាភិបាលរបស់លោក សំដៅបន្តរឹតចំណង មិត្តភាពកម្ពុជា-អូស្ត្រាលីកាន់តែល្អប្រសើរ ខ្លាំងឡើងបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកទូតបានអះអាងថា កម្ពុជាគឺជាគោលដៅទេសចរណ៍ ដំបូងគេដែលភ្ញៀវទេសចរអន្តរជាតិ ត្រូវត្រឡប់មកទស្សនាកម្សាន្តវិញ ក្រោយចប់វិបត្តិកូវីដ១៩ នៅទូទាំងពិភពលោក ៕

ដោយ៖ ធី លីថូ

To Top