ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើឡើងថា បើគ្មានវត្តមាននយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ប្រហែលជាយើងកំពុងបន្ត រស់នៅដោយការភ័យខ្លាច គ្មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិត ឲ្យបានពេញលេញ និងមិនហ៊ានសូម្បីតែធ្វើដំណើរ ទៅតំបន់មួយចំនួននៃ មាតុភូមិកំណើតរបស់ខ្លួន ។
សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ឧសភានេះថា ទម្រាំមានថ្ងៃនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងពុះពារគ្រប់ឧបសគ្គដើម្បី អនុវត្តនូវនយោបាយឈ្នះឈ្នះ ។
សម្ដេចបញ្ជាក់ថា «បើគ្មានវត្តមាននយោបាយ ឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រហែលជាយើងកំពុងបន្ត រស់នៅដោយការភ័យខ្លាច គ្មានលទ្ធភាពប្រកបរបរ ចិញ្ចឹមជីវិតឱ្យបានពេញលេញ មិនហ៊ានសូម្បីតែធ្វើដំណើរ ទៅតំបន់មួយចំនួននៃ មាតុភូមិកំណើតរបស់ខ្លួន មានការលំបាកក្នុងការ ប្រតិបត្តិជំនឿសាសនា គ្មានលទ្ធភាពទទួលបានការអប់រំសមរម្យ និងមិនអាចចូលរួមអបអរសាទរ យ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យនានា ដូចសព្វថ្ងៃនេះឡើយ» ។
សម្ដេចពិជ័យសេនា បន្ថែមថា វត្តមានរបស់នយោបាយឈ្នះឈ្នះ និងការតស៊ូគ្រប់បែបយ៉ាង របស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់លទ្ធភាពឲ្យកម្ពុជាធ្វើការ បង្រួបបង្រួមកម្លាំងដែលបែកខ្ញែក ឲ្យក្លាយជាកម្លាំងជាតិតែមួយ ទទួលបានការឯកភាពជាតិពេញលេញ ដែលជាកត្តាយ៉ាងសំខាន់បំផុត ក្នុងដំណើរការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ ៕