ព័ត៌មានជាតិ

ជប៉ុន នឹងផ្ដល់ជំនួយឥតសំណងជាង ២២លានដុល្លារ សម្រាប់គាំទ្រដល់វិស័យអប់រំ និងសុខាភិបាលកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្ដល់នូវ ហិរញ្ញប្បទានឥតសំណងចំនួន ២.៥០១លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២២,៧៣លាន ដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធវនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ។

ក្នុងជំនួបនោះលោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានរួម អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា រហូតមក ជាពិសេសចំពេលដែលកម្ពុជា ក៏ដូចជា ពិភពលោក កំពុងតែជួបវិបត្តិ និងការរាលដាលនៃជំងឺកូវីដ-១៩ ។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់នូវ ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ប្រមាណ ២០០០លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៨លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជាឧបករណ៍ សម្ភារៈ និងបរិក្ខារពេទ្យ ជូនក្រសួងសុខាភិបាល សម្រាប់ទប់ស្កាត់ និងបង្ការការ រីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា» ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកទូតជប៉ុនផងដែរ អំពីវិធានការបន្ទាន់ៗបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញសំដៅជួយ ដល់វិស័យឯកជន កម្មករ និយោជិត និងជនងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពី ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលជំងឺ កូវីដ១៩ ក៏ដូចជាដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺនេះ ដែលមកដល់បច្ចុប្បន្ន វិធានការទាំងនេះ បានឈានដល់វិធានការជុំទី ៤ ហើយ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសនោះដែរលោក MIKAMI Masahiro បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការ យ៉ាងល្អប្រសើរ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវី៥-១៩ ។ លោកទូតថា រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង ជាពិសេសប្រាក់កម្ចីឥណទានសម្បទានផងដែរ សម្រាប់ជួយគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ និងស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ។

លោកទូតជប៉ុន ក៏បានជម្រាបអំពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបាននាំមកនូវសមិទ្ធផល ប្រកបដោយផ្លែផ្កាជាច្រើន ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ។ ផ្អែកតាមស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ាន+៣ ស្តីពីជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលជប៉ុន បានបង្ហាញនូវជំហរជួយ ដល់បណ្តាប្រទេស ក្នុងតំបន់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ ។

លោកទូតបញ្ជាក់ថា «ជាក់ស្តែង ក្នុងពេលដ៏ឆាប់ខាងមុខនេះ រដ្ឋាភិបាលជប៉ុនគ្រោងនឹង បន្តផ្តល់នូវហិរញ្ញប្បទាន ឥតសំណងសម្រាប់គម្រោង ចំនួនពីរ មានទឹកប្រាក់សរុបប្រមាណ ២.៥០១លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២២,៧៣លាន ដុល្លារអាមេរិក សម្រាប់គាំទ្រដល់វិស័យអប់រំ និង សុខាភិបាលកម្ពុជាផងដែរ» ។

ជាថ្មីម្តងទៀតលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអរគុណ និងវាយតម្លៃខ្ពស់ ចំពោះលោកទូតជប៉ុន រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលតែងតែផ្តល់នូវ វិភាគទានជាហិរញ្ញប្បទានដល់ការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ។ រដ្ឋាភិបាលជប៉ុន តែងតែជួយឧបត្ថម្ភ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ចំគោលដៅ និងទាន់ពេលវេលា ជាពិសេសក្នុងពេលជួបការលំបាក ។ សកម្មភាពទាំងនេះ គឺជាកាយវិការមនុស្សធមិដ៏ថ្លៃថ្លា ដែលឆ្លុះបញ្ចាំងឲ្យឃើញថា “ប្រទេសជប៉ុន គឺជាដៃគូយុទ្ធសាស្ត្រដ៏ប្រពៃ និងជាមិត្តភ័ក្តដ៏ល្អ សម្រាប់កម្ពុជា” ៕

ដោយ៖ ខា ដា

To Top