ព័ត៌មានជាតិ

ការអនុវត្ត សាលដីកាតុលាការកំពូល ដោយអាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ ថ្ងៃ២៩ ឧសភា ជាការអនុវត្ត ត្រឹមត្រូវ

ភ្នំពេញ៖ ការអនុវត្តសាលដីកា របស់តុលាការកំពូល ដែលធ្វើឡើងដោយអាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ គឺជាការអនុវត្តដ៏ត្រឹមត្រូវ តាមច្បាប់កម្ពុជា ដែលរឿងក្តីនេះ ម្ចាស់បំណុលនៃការអនុវត្ត បានឈ្នះគ្រប់សាលាជំនុំជម្រះក្តី ហើយដែលបាន អូសបន្លាយពេលវេលាជាច្រើនឆ្នាំ។

រឿងក្តីនេះកើតឡើង ដោយសារតែសហកូនបំណុល នៃការអនុវត្ត(អ្នកចាញ់ក្តី) បានកែនប្រមូលគ្នា មកនៅលើ ដី ដែលជាកម្មសិទ្ធិរបស់ម្ចាស់បំណុល នៃការអនុវត្ត (ម្ចាស់ដីឬ អ្នកឈ្នះក្តី) នេះជាហេតុធ្វើឲ្យម្ចាស់ដី មិនអាចប្រកបមុរបរ រកស៊ីអ្វីបានទាំងអស់ ដែលធ្វើឲ្យម្ចាស់ដី មានការខាតបង់យ៉ាងធ្ងន់ធ្ងរ ។

មុនឈានដល់ការអនុវត្ត ដោយបង្ខំនេះ ម្ចាស់ដីបាន ព្យាយាមចរចា និងសម្របសម្រួល ជាមួយសហកូនបំណុល នៃការអនុវត្តជាច្រើនលើកច្រើនដង ច្រើនឆ្នាំ នៅទី តាំងផ្ទាល់ផង នៅថ្នាក់ក្រុងផង ថ្នាក់ខេត្តផង ទោះម្ចាស់ដីមានទឹកចិត្តសម្បទាន ឲ្យជាសោហ៊ុយ ឬដោះដូរជាដី ក៏សហកូនបំណុល នៃការអនុវត្ត(អ្នកចាញ់ក្តី) នៅតែមិនព្រមដែរ។

រហូតដល់ការចរចាចុងក្រោយបំផុត ដែលធ្វើឡើងនៅថ្នាក់ខេត្ត នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមកិច្ចសម្របសម្រួល របស់អភិបាល ខេត្តព្រះសីហនុ លោក គួច ចំរើន ដែលមានសមាសភាព ចូលរួមពីមន្ត្រី សាលាខេត្តព្រះសីហនុ អាជ្ញាសាលា កងរាជអាវុធហត្ថ ស្នងការ និងអាជ្ញាធរមូលដ្ឋានចំណុះសាលាខេត្ត ភាគី ម្ចាស់ដី សហកូនបំណុល នៃការអនុវត្ត(អ្នកចាញ់ក្តី) និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរកដំណោះស្រាយ ក៏សហកូនបំណុល នៃការអនុវត្ត(អ្នកចាញ់ក្តី) នៅតែមិនព្រម ទោះបីលោកអភិបាលខេត្តព្រះសីហនុ បានសន្យា នឹងជួយនិយាយ ជាមួយម្ចាស់ដី ដើម្បីផ្តល់ប្រាក់ ទៅពួកគាត់មួយចំនួន ជាថ្នូរនឹងការចាកចេញដោយ ស្ម័គ្រចិត្ត។

សហកូនបំណុល នៃការអនុវត្តទាមទារ យកតម្លៃទីផ្សារគឺដី១ម៉ែត្រការ៉េ ទារពីម្ចាស់ដីក្នុងតម្លៃ ១៥០០ដុល្លារ ឬ ៥ ០០០ ០០០ ដុល្លារ (៥លានដុល្លារអាមេរិក) ជាថ្នូរនឹងការចាកចេញពីដី របស់ម្ចាស់បំណុលនៃការអនុវត្ត (ម្ចាស់ដីឬ អ្នកឈ្នះក្តី) ដែលម្ចាស់បំណុល នៃការអនុវត្តមិនអាចទទួលយកបាន ព្រោះសហកូនបំណុល នៃការអនុវត្តចូលមករំលោភយកដី ដែលជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ។

តែទោះជាយ៉ាងណាក៏ដោយ ក៏ម្ចាស់ដីនៅតែមានទឹកចិត្ត ផ្តល់ជាសោហ៊ុយ ឬដោះដូរដីឲ្យពួកគាត់ យ៉ាងសមរម្យបំផុត ក្នុងនាមជាខ្មែរដូចគ្នា ទោះបីជាស្ថិតក្នុងនីតិវិធី នៃការអនុវត្តដោយបង្ខំ កំពុងតែដំណើរការក៏ដោយ។ បន្ថែមពីនេះទៀត អាជ្ញាសាលា នៃសាលា ដំបូងខេត្តព្រះសីហនុ បានព្យាយាមសម្របសម្រួល ឲ្យពួកគាត់រុះរើ និងចាកចេញដោយស្ម័គ្រចិត្ត ហើយ ម្ចាស់ដីនឹងឲ្យជាសោហ៊ុយ ឬដោះដូរដីឲ្យពួកគាត់ តែពួកគាត់នៅតែមិនព្រមឡើយ រហូតចុងក្រោយបំផុត តុលាការអនុវត្ត ក៏បានចូលមកជួយសម្របសម្រួល ជាមួយសហកូនបំណុល នៃការអនុវត្ត(អ្នកចាញ់ក្តី) ឲ្យរុះរើ និងចាកចេញដោយស្ម័គ្រចិត្ត ប៉ុន្តែពួកគាត់នៅតែមិនព្រមដដែល ។

ដូចបានរៀបរាប់នេះ សបញ្ជាក់ថា សហកូនបំណុលនៃការអនុវត្ត ពុំមានចេតនាសុចរិតណាមួយ ក្នុងការប្រគល់ និងចាកចេញពីដី របស់ម្ចាស់បំណុល នៃការអនុវត្តឡើយ។ ដូច្នេះហើយ ទើបឈានដល់ ការអនុវត្តដោយបង្ខំ តាមសេចក្តីសម្រេចសាលដីកា របស់តុលាការកំពូល ដែលនឹងត្រូវអនុវត្ត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០៕

To Top