កំពង់ចាម៖ ដោយមានការសម្របសម្រួល ពីរដ្ឋបាលខេត្តកំពង់ចាម លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះផ្សព្វផ្សាយ គោលការណ៍ឥណទាន និងលក្ខខណ្ឌ ទទួលបានឥណទាន ក្រោមកម្មវិធី ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក ជូនប្រជាសហគមន៍កសិកម្ម និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងខេត្តកំពង់ចាម ។
កម្មវិធីផ្សព្វផ្សាយខាងលើនេះ មានការអញ្ជើញចូលរួម ដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត , លោក ហាវ វិសិដ្ឋ អគ្គនាយករង រដ្ឋបាលជលផល , តំណាង អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ, តំណាងអគ្គនាយក សុខភាពសត្វ និងផលិតកម្មពេទ្យសត្វ, អភិបាលរងខេត្ត, អភិបាលស្រុក និងមន្ទីជំនាញជុំវិញខេត្ត ផងដែរ។
ក្នុងប្រតិបត្តិការណ៍ចុះផ្សព្វផ្សាយ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ដែលដឹកនាំដោយ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមមាន៖
១.ផ្សព្វផ្សាយគោលការណ៍ឥណទាន និងលក្ខខណ្ ឌទទួលបានឥណទាន ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់បងប្អូន ប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តកំពង់ចាម សរុបចំនួនប្រមាណជាង ២០០នាក់ ដើម្បីឱ្យមានលទ្ធភាព ពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង នូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅ បង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋាន ផលិតក្នុងស្រុក សម្រាប់ជំរុញ ទាំងការនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។
២.ផ្សព្វផ្សាយពីការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចកែសម្រួល កម្មវិធីហិរញ្ញប្បទានពិសេស ៥០ លានដុល្លារ តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាព គ្របដណ្តប់ និងកែសម្រួល លក្ខខណ្ឌឥណទានដូចជា៖
- បន្ថយអត្រាការប្រាក់ សម្រាប់កម្ចីទុនបង្វិល (Working Capital) ពី ៦% មក ៥% និង សម្រាប់ទុនវិនិយោគ ពី ៦.៥% មក៥.៥% ដោយមិនគិតកម្រៃសេវាផ្សេងៗ។
- កែសម្រួលរយៈពេល ឥណទានអតិបរមាពី ៥ឆ្នាំ ទៅ៧ឆ្នាំ សម្រាប់ទុនវិនិយោគ ខណៈរក្សាទុក រយៈពេលខ្ចី អតិបរមា២ឆ្នាំ សម្រាប់ទុនបង្វិល។
- បន្តមិនអនុញ្ញាត ឱ្យអតិថិជន ដែលទទួលកម្ចី នៅក្នុងកម្មវិធីពិសេសនេះ យកកម្ចីទៅប្រើប្រាស់ធ្វើ បុនហិរញ្ញប្បទាន (Refinancing)។
- ផ្តល់ភាពទន់ភ្លន់ លើលក្ខខណ្ឌចុះបញ្ជី ដែលក្នុងនោះ សហគ្រាសធុនតូច និងមធ្យម ដែលមិនទាន់ចុះបញ្ជីផ្លូវការ អាចដាក់ពាក្យស្នើសុំ ឥណទានបាន ដោយបំពេញលក្ខខណ្ឌចុះបញ្ជីតាម ក្រោយក្នុងរយៈពេល១ខែ បន្ទាប់ពីទទួលបានឥណទាន។
- កែសម្រួលលក្ខខណ្ឌតម្រូវឲ្យ «សហគ្រាសធុនតូច និងមធ្យម បង្កើតឱកាសការងារថ្មីចាប់ពី៥នាក់ឡើងទៅ» ទៅជា »លើកទឹកចិត្តឲ្យសហគ្រាសធុនតូច និង មធ្យម ដែលទទួលបានឥណទាន ខិតខំបង្កើតឱកាសការងារថ្មី»។
ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនកសិករចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ អោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
បន្ទាប់ពីការធ្វើបទបង្ហាញ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឆ្លើយតប និងពន្យល់នូវចម្ងល់ផ្សេងៗរបស់បងប្អូនកសិករ ដោយផុសផុល និងភាពស្និតស្នាល៕