ភ្នំពេញ៖ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើង ពីហេតុផលសំខាន់ៗចំនួន ៥ចំណុច ដែលអាចអះអាងបានថា ការប្រើប្រាស់ប្រាក់រៀល ជំនួសប្រាក់ដុល្លារ ធ្វើឲ្យប្រទេសកម្ពុជា ចំណេញច្រើនណាស់ ។
កាលពីថ្ងៃទី២៨ ឧសភាម្សិលមិញ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចរាចរនៅលើទីផ្សារបានធម្មតា មិនមានការហាមឃាត់នោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក៏បានប្រកាសគាំទ្រចំពោះការ កាត់បន្ថយចរាចរប្រាក់ដុល្លារ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្រដាសតូចៗបែបនេះ (១$ ២$ និង៥$) ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ឧសភា លោក ហុង សុហួរ បានបញ្ជាក់ថា មានហេតុផល ៥ចំណុច ដែលអះអាងថា ការប្រើប្រាក់រៀល ជំនួសប្រាក់ដុល្លារ ធ្វើឱ្យកម្ពុជា ចំណេញច្រើនណាស់៖
១.យើងយក មាស ឬក៏ទំនិញ ឬក៏សេវានានា ទៅលក់នៅបរទេស ដើម្បីទទួលបានក្រដាសប្រាក់ដុល្លារ ដែលមានតម្លៃផលិតត្រឹមតែ ប៉ុន្មានសេនប៉ុណ្ណោះក្នុងមួយសន្លឹក។ ដូច្នេះបើយើងប្រើប្រាស់ ក្រដាស់ប្រាក់ដុល្លារកាន់តែតិច គឺកម្ពុជាខាតកាន់តែតិច។
២.នៅកម្ពុជា មានសាច់ប្រាក់ដុល្លារ ចរាចរច្រើនលើសលប់ ដែលសាច់ប្រាក់នេះ អត់បានផ្ដល់ជាការប្រាក់ ឬប្រាក់ចំណេញ ដល់កម្ពុជាទេ។ បើយើងប្រើប្រាស់ប្រាក់រៀលទាំងស្រុងវិញនោះ យើងនឹងនៅសល់ប្រាក់ដុល្លាររាប់ពាន់លាន$ សម្រាប់សន្សំយកការប្រាក់ ឬវិនិយោគ ឬប្រើប្រាស់ឲ្យមានប្រយោជន៍ ជាងប្រើជាមធ្យោបាយទូទាត់។
៣.ការប្រើប្រាក់រៀលជាទូទៅ អនុញ្ញាតឲ្យធនាគារកណ្ដាល (ធនាគារជាតិនៃកម្ពុជា) អាចប្រើប្រាស់នយោបាយរូបិយវត្ថុ ដើម្បីជះឥទ្ធិពលលើអត្រាការប្រាក់នៅលើទីផ្សារ និងជំរុញ ឬគ្រប់គ្រងសេដ្ឋកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាព។ ជាឧទាហរណ៍ រដ្ឋាភិបាលតែចង់បន្ទាបអត្រាការប្រាក់ទីផ្សារ ឬបង្កើនបរិមាណសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច នៅពេលចង់ជំរុញសេដ្ឋកិច្ច។
៤.ប្រាក់រៀល មានស្ថិរភាពជាង រូបិយបណ្ណភាគច្រើន នៅលើពិភពលោក ពីព្រោះ អត្រាប្ដូរប្រាក់ជាមធ្យម គឺ ៤០៥០៛ ក្នុង ១$ ហើយប្រែប្រួលមិនដល់ ២% ផង រៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង ២០ឆ្នាំ ចុងក្រោយ។ ដូច្នេះ ប្រាក់រៀល អាចធានាបាននូវអំណាចទិញ និងមិនបង្កនូវចំណាយប្ដូរប្រាក់ បើយើងប្រើប្រាស់ប្រាក់រៀលជាទូទៅនោះ។
៥.ការដែលមានរូបិយបណ្ណជាតិ ដែលត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ គឺជាមោទនភាពជាតិមួយ សម្រាប់ រដ្ឋាភិបាល និង ប្រជាពលរដ្ឋកម្ពុជា។
សូមរំលឹកថា ក្រៅពីការប្រកាសថា ក្រដាសប្រាក់ដុល្លារតូចៗ នៅតែអាចចរាចរលើទីផ្សារបានធម្មតានោះ ធនាគារជាតិនៃកម្ពុជា ក៏បានសម្រេចទុកពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា ៕
ដោយ៖ ខា ដា