ព័ត៌មានជាតិ

ទំនាក់ទំនងកម្ពុជា-កូរ៉េ៖ កម្ពុជាទទួលបានលទ្ធផលផ្លែផ្កា ពីគោលនយោបាយភាគខាងត្បូង របស់កូរ៉េ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លោកបណ្ឌិត Park Heung-Kyeongបានថ្លែងអះអាងថា ប្រទេសកម្ពុជា ដែលមិត្តភក្រ្តនិងគៃគូសហប្រតិបត្តិការល្អ ជាមួយកូរ៉េខាងត្បូង ពិតជាទទួលបានផលប្រយោជន៍ជាផ្លែផ្កា នៅក្នុងក្របខណ្ឌគោលនយោបាយខាងត្បូង (Southern Policy) ដែលត្រូវបានដាក់ចេញដោយប្រធានាធិបតី មូន ជេអ៊ីន នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងបទសម្ភាសន៍ ជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នារសៀលថ្ងៃ ព្រហស្បតិ៍ ទី២៨ ខែឧសភឆ្នាំ ២០២០ នាស្ថានទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំកម្ពុជា លោកទូត គូសបញ្ជាក់តាមអ្នកបកប្រែថា គោលនយោបាយការបរទេសថ្មីនេះ ត្រូវបានផ្តោតជាសំខាន់ដល់អាស៊ានទាំងមូល ហើយដែលវាជួយដល់ការពង្រឹងពង្រីកទំនាក់ទំនង ទ្វេភាគី រវាងកម្ពុជា និងកូរ៉េផងដែរ។

លោកទូត កំពុងផ្តល់បទសម្ភាសន៍ពីគោលនយោបាយភាគខាងត្បូង

ចាប់ពីឆ្នាំ១៩៩៧ ដែលប្រទេសទាំងពីរ ស្តារទំនាក់ទំនងឡើងវិញ ប្រទេសកម្ពុជា ទំហំពាណិជ្ជកម្ មរវាងប្រទេសទាំងពីរ មានការកើនឡើងរហូតដល់ ២០ដងធៀបនឹងឆ្នាំ១៩៩៧ ដែលឆ្នាំ២០១៩កន្លងមក មានរហូតដល់ជាង ១ពាន់លានដុល្លារអាម៉េរិក និងសម្រាប់ទំហំពាណិជ្ជកម្មកូរ៉េ ជាមួយអាស៊ានវិញ មានរហូតដល់ទៅ១៦ម៉ឺនលានដុល្លារ។

តាមរយៈគោលនយោបាយនេះ កម្ពុជា និងកូរ៉េ ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA-Free Trade Agreement) កាលពីឆ្នាំមុនផងដែរ និងដោយឡែកវិនិយោគកូរ៉េ នៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៧ មកទល់ពេលនេះ មានរហូតដល់ទៅ ៥ពាន់៨រយលានដុល្លារអាម៉េរិក ហើយប្រទេសកូរ៉េ ជាប់ចំណាត់ថ្នាក់លេខ២។

មិនតែប៉ុណ្ណោះ សហគ្រាសនិងក្រុមហ៊ុនកូរ៉េ កំពុងប្រតិបត្តិការរកស៊ីនៅកម្ពុជា ប្រមាណជាង២៥០ផងដែរ។

សម្រាប់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិញ ប្រទេសកូរ៉េ ក៏បានជួយដល់ប្រទេសកម្ពុជា ប្រមាណជាង ១,២ពាន់លានដុល្លារ ក្នុងនោះជំនួយឥតសំណង២៩០លានដុល្លារ និងសំណង ៩៥០លានដុល្លារ។ក្រៅពីនេះ កូរ៉េ ក៏បាននិងកំពុងជួយលើផ្នែកកសិកម្ម និងសុខាភិបាលផងដែរ ជាពិសេសបានជួយមន្ទីរពេទ្យកុមារជាតិ អាគារព្យាបាលនិងពិនិត្យភ្នែក នៅមន្ទីរពេទ្យអង្គឌួង។

លោកទូត បន្ថែមថា ដោយសារទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ និងប្រជាជនទាំងពីរ ប្រទេសកម្ពូជា បានទទួលឋានៈប្រព័ន្ធអនុញ្ញាតិពលកររបស់កូរ៉េ ដែលមានលក្ខណៈអនុគ្រោះជាងគេមួយ ក្នុងចំណោមប្រទេសនានា ដែលទទួលបានការបញ្ជូនពលកររបស់ខ្លួន មកកូរ៉េក្នុងរង្វង់៦ទៅ៧ពាន់នាក់ ក្នុង១ឆ្នាំៗ។

*ការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ

មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញមក លោកប្រធានាធិបតីកូរ៉េ ម៉ូន ជេអ៊ីន បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា នាខែមីនា​ ឆ្នាំ២០១៩ និងដំណើរទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសកូរ៉េ នាខែកុម្ភៈ ឆ្នាំ២០២០ ដែលជាការផ្លាស់ប្តូរទស្សនកិច្ចកំពូលរវាងប្រទេសទាំងពីរ ជាដន្លងនឹងគ្នាផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្វើបដិសណ្ឋារកិច្ចប្រធានាធិបតីកូរ៉េខាង​ត្បូង ម៉ូន ជេអ៊ីន នៅវិមានសន្តិភាព ខែមីនា ឆ្នាំ២០១៩
លោកប្រធានាធិបតីកូរ៉េ ប្រកាសបើកជាផ្លូវការកម្មវិធីគោលនយោបាយភាគខាងត្បូង នាឆ្នាំ២០១៧
ផែនទីអនុវត្តគោលនយោបាយភាគខាងត្បូង ផ្តោសំខាន់លើអាស៊ាន និងឥណ្ឌា

*ក្តីប្រាថ្នាដ៏ធំរបស់លោកទូត  នៅកម្ពុជា ការស្ថាបនាស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ស្វាយជ្រុំ)

លោកទូត ដែលទើបកាន់តំណែងនេះ រយៈពេល៧ខែនៅកម្ពុជា បានតាំងចិត្តយ៉ាងមុតមាំថា នឹងជំរុញការស្ថាបនាស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ស្វាយជ្រុំ ឆ្លង់កាត់ទៅទន្លេមេគង្គ) ឱ្យចេញជារូបរាង តាមការចង់បានរបស់ថ្នាក់ដឹកនាំ និងប្រជាជនទាំងពីរ ដើម្បីជានិមិត្តរូបជាប្រវត្តិសាស្រ្តនិងតឹកតាងដ៏ប្រត្យក្សមួយ នៅលើដីដ៏ពិសិដ្ឋនៃកម្ពុជរដ្ឋ។ បើតាមលោកទូត គម្រោងសាងសង់ស្ពាន ដោយមានខ្សែកាប្លិ៍ផងនោះ មានទំហំទឹកប្រាក់ជាង១០០លានដុល្លារ ដែលចំនួននេះ កូរ៉េមិនអាចផ្តល់បានទាំងស្រុងនោះទេ ពោលគឺនយោបាយកូរ៉េ មានលទ្ធភាពត្រឹមតែ១០លានដុល្លារ ប៉ុណ្ណោះ។ ប៉ុន្តែលោក នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ហើយលោកស្ទាបស្ទង់ទៅ ករណីកម្ពុជា គឺអាចខុសប្លែកពីប្រទេសខ្លះ ដោយកូរ៉េ អាចនឹងបង្កើនលទ្ធភាពរហូតដល់៦៥ភាគរយជាជំនួយឥតសំណង ហើយ៣៥ភាគរយទៀត គឺជាកម្ចីការប្រាក់ទាប និងរយៈពេលយូរ។ បើតាមលោកទូត ការប្រាក់នោះ មានអាត្រាទាបបំផុត គឺ ០,០១ភាគរយ។

យ៉ាងណាលោក បានសម្តែងគំនិតសុទិដ្ឋិនិយមចំពោះគម្រោងដ៏ធំមួយនេះ ជាចំណងដៃសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំង២ ក្នុងអនាគតដ៏ខ្លីខាងមុខ។

បើតាមលោកទូត ប្រទេសកូរ៉េ បាននិងកំពុងធ្វើការជួសជុលផ្លូវជាតិ លេខ២ ផ្លូវជាតិលេខ២១ និង២២ ដែលជាការរួមចំណែកតភ្ជាប់សសៃឈាមសេដ្ឋកិច្ចកម្ពុជា ផងដែរ។

*ការជួយដោះមីននៅកម្ពុជា

កូរ៉េខាងត្បូង ក៏បានរួមចំណែកដោះស្រាយទុក្ខលំបាករបស់មិត្តកម្ពុជាផងដែរ នោះគឺការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលនៅរាយប៉ាយនៅខេត្តចំនួន៣ ភាគពាយព្យនៃប្រទេសកម្ពុជា ពីឆ្នាំ២០២១ ដល់២០២៥ រយៈពេល៥ឆ្នាំ មានទឹកប្រាក់ចំនួន២០លានដុល្លារ។

*វិស័យទេសចរណ៍-សង្គម

ភ្ញៀវទេសចរកូរ៉េខាងត្បូង បានមកទស្សនាប្រទេសកម្ពុជា ក្នុង១ឆ្នាំៗ មានប្រមាណ៣០ម៉ឺននាក់ ភាគច្រើនមកទស្សនានៅខេត្តសៀមរាប និងនៅឆ្នាំ២០០៧ ក៏បង្កើតព្រឹត្តិការណ៍ដ៏ធំមួយផងដែរ គឺព្រឹត្តិការណ៍អង្គរ-ឃ្យុងយូ។

ក្រៅពីនេះ ពលរដ្ឋកូរ៉េ ក៏បានជាប់ចិត្ត ជំពាក់ស្នេហ៍ជាមួយនារីខ្មែរផងដែរ។ គិតត្រឹមឆ្នាំ២០២០នេះ ពលរដ្ឋកូរ៉េ ប្រមាណ១ម៉ឺននាក់ បានរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ និងបានរួមរស់ជាមួយគ្នាដោយសុភមង្គល។

*វិស័យកសិកម្ម

ប្រទេសកូរ៉េ បានផ្តល់ជំនួយបច្ចេកវិទ្យា លើការគ្រប់គ្រងលើពូជពោត ការចិញ្ចឹមមាន់ និងដំឡូងបារាំង។ល។ ដែលបានកំពុងប្រត្តិបត្តិការដោយអង្គការ និងសហគ្រិនរបស់កូរ៉េ។ ការរួមចំណែកនេះ ដើម្បីជួយពង្រឹងសមត្ថភាពកសិកម្មរបស់កម្ពុជា ឱ្យកាន់តែខ្លាំងនិងរឹងមាំ។ តួយ៉ាងកូរ៉េ បានផ្តល់សិទ្ធិឱ្យកម្ពុជា ក្នុងការនាំចេញផ្លែស្វាយទៅកូរ៉េផងដែរ។ ត្រង់ចំណុចនេះ លោកទូត គូសបញ្ជាក់ថា ផ្លែស្វាយរបស់កម្ពុជា មាន “ឱជារសឆ្ងាញ់ពិសារ ហើយពលរដ្ឋកូរ៉េ ស្ងើចសរសើរ”។

*ធនាគារ

តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េ ហៅកាត់ថា KOICA បានសហការជាមួយ ធនាគារជាតិកម្ពុជា លើប្រព័ន្ធទូទាត់សាច់ប្រាក់ និងសេវាលុយភ្លាមៗ (Mobile Banking)។ តាមរយៈកម្មវិធីនេះ​ នឹងទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា។ ក្រៅពីនេះ កូរ៉េខាងត្បូង ក៏នឹងខិតព្យាយាមដើមពង្រឹងសមត្ថភាពវិស័យបច្ចេកវិទ្យាព័ត៌មាន E-commerce និង E-government របស់កម្ពុជាផងដែរ ហើយដែលប្រទេសកូរ៉េ មានបទពិសោធន៍ដ៏ល្អមួយ នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤។

*វិស័យសុខាភិបាល

តាមរយៈគោលនយោបាយភាគខាងត្បូងនេះទៀតសោត ប្រទេសកម្ពុជា​ក៏បានទទួលជំនួយជាបន្តបន្ទាប់ពីប្រទេសកូរ៉េ ក្នុងនោះ កម្ពុជាទទួលបានជំនួយ១០លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ គម្រោងបង្ការជំងឺឆ្លង (រយៈពេល៥ឆ្នាំ) ក្នុងរង្វង់ទឹកប្រាក់៨,៥លានដុល្លារ ដោយចាប់ផ្តើមពីឆ្នាំ២០២០នេះតទៅ។ ហើយគម្រោងពិនិត្យសំណាក កូវីដ-១៩ ទឹកប្រាក់១លានដុល្លារ និងឧបករណ៍ពិនិត្យសំណាក PCRបូករួមនឹងទឹកប្រាក់ ៣០ម៉ឺនដុល្លារ។

-មន្ទីពេទ្យកុមារជាតិ

កូរ៉េ មានបង្ហាញនូវមោទកភាពដ៏មុតមាំរបស់ខ្លួន ក្នុងការចូលរួមចំណែកទ្រទ្រង់បច្ចេកទេស​និងបណ្តុះបណ្តាលធនធានមនុស្ស​ ដល់មន្ទីរពេទ្យកុមារជាតិ (ពីមុនពេទ្យកុមារមជ្ឈឹម) នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញ។

*វប្បធម៌និងកីឡា

ក្នុងក្របខណ្ឌគោលនយោបាយភាគខាងត្បូងនេះ ប្រទេសកូរ៉េ បានបង្កើតឱ្យមានមជ្ឈមណ្ឌល​វប្បធម៌អាស៊ាន ដែលមានមូលដ្ឋាន នៅទីក្រុងប៊ូសាន និងត្រូវបានបើកសម្ពោធជាផ្លូវការ នាឆ្នាំ២០១៧។

ក្រៅពីនេះ ក៏មានព្រឹត្តិការណ៍តន្ត្រី K-Pop និងព្រឹតិ្តការណ៍ការប្រកួតកីឡាតៃក្វាន់ដូ ពានរង្វាន់ឯកអគ្គរដ្ឋទូត ដែលប្រព្រឹត្តធ្វើឡើងជារៀលរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា។

ពីឆ្វេងទៅស្តំា លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល, លោកបណ្ឌិត Park Heung-Kyeong , អគ្គរដ្ឋទូត និងលោក សយ សុភា និពន្ធនាយក

ដោយៈ សយ សុធីតា

To Top