ព័ត៌មានជាតិ

សម្ដេច ស ខេង៖ ការស្នើពន្យារពេល​ សង់បំណុលធនាគារ មិនអាចធ្វើទៅបានឡើយ

ភ្នំពេញ៖ ក្រោយពីអតីតមន្ដ្រីគណបក្ស ប្រឆាំងនៅក្រៅប្រទេស ស្នើឲ្យរាជរដ្ឋាភិបាលផ្អាកឬពន្យាពេល សងបំណុលធនាគាររយៈពេល ៣ខែ សម្រាប់ប្រជាពលរដ្ឋ សម្ដេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឆ្លើយតបវិញថា ការស្នើនេះមិនអាចធ្វើទៅបានឡើយ។

នាពេលថ្មីៗនេះ វិទ្យុ អាស៊ីសេរី បានចេញផ្សាយថា អតីតមន្ដ្រីបក្សប្រឆាំង នៅក្រៅប្រទេសបានទទូចឲ្យ រាជរដ្ឋាភិបាល ចាត់វិធានការឲ្យមានប្រសិទ្ធិភាព ក្នុងការពន្យាពេល ឬផ្អាកការ សងបំណុល របស់ប្រជាពលរដ្ឋខ្មែរ រយៈពេលយ៉ាងតិច ៣ខែទៅមុខទៀត ខណៈពលរដ្ឋខ្មែរ រាប់លាននាក់ កំពុងជួបទុក្ខលំបាកផ្នែកជីវភាព ដោយសារជំងឺ កូវីដ-១៩ ។

ក្នុងពិធី ប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរងអភិបាលខេត្តកែប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា សព្វថ្ងៃកម្ពុជាកំពុងកើតជំងឺ កូវីដ-១៩ ធ្វើឲ្យអ្នកនយោបាយនៅក្រៅប្រទេស បានយកឱកាសកូវីដ-១៩ មកវាយប្រហាល រាជរដ្ឋាភិបាល កម្ពុជា។

សម្ដេចរៀបរាប់ថា ប្រជាពលរដ្ឋខ្មែរ ចាកចេញទៅរកការងារនៅក្រៅបរទេស ជាពិសេសនៅ ថៃ ហើយមាន ប្រមាណជិត១០ម៉ឺននាក់ ត្រឡប់មកកម្ពុជាវិញ ដោយសារកូវីដ-១៩ ធ្វើឲ្យ ពលរដ្ឋមួយចំនួនគ្មានការងារធ្វើ។ សម្ដេចថា បញ្ហាជីវភាពរស់របស់ពលរដ្ឋ រាជរដ្ឋាភិបាល បានគិតគូរ និងខិតខំយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ជាបន្ដបន្ទាប់។

សម្ដេច មានប្រសាសន៍ថា «ទន្ទឹមនឹងនេះ គេបំផុសបញ្ហាបំណុល ការជំពាក់បំណុល ហើយ រហូតដល់ទាមទារមិនឲ្យសង។ អានេះជាការឃោសនា មិនអាចធ្វើទៅបានទេ ព្រោះកាលណា ជំពាក់គេ ត្រូវតែសង គ្រាន់តែថា ឥឡូវពន្យារពេលណាមួយសមស្រប ដើម្បីគ្នាមានលទ្ធភាពសង»។

សម្ដេចបន្ដថា «បើខ្ចីគេមិនសង អាហ្នឹងទៅមិនរួចទេ ហើយកន្លែងណាក៏ទៅមិនរួចដែល ហើយបញ្ហានេះ ខ្ញុំចង់បញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយ គឺចាំបាច់យើងត្រូវតាម ដាន គ្រប់គ្រងឲ្យជាប់ជាប្រចាំ ហើយធ្វើបកស្រាយ បំភ្លឺសាធារណៈមតិ ជាពិសេស ប្រជា ពលរដ្ឋឲ្យលោកយល់អំពីបញ្ហានេះ (បញ្ហាខ្ចីលុយធនាគារ)»។

សម្ដេចបន្ថែមថា បើមិនពន្យល់ប្រជាពលរដ្ឋទេ ពួកគាត់នឹងមានការយល់ច្រលំជាមួយ ធនាគារ ហើយប៉ះពាល់ដល់ ស្ថេរភាពនយោបាយផងដែរ។
សម្ដេចថា សមត្ថកិច្ច ត្រូវបន្ដដោះ ស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ មិនត្រូវមើលស្រាលឡើយ ត្រូវរកមូលហេតុឲ្យបាន ច្បាស់ និងដោះស្រាយតាមនីតិវិធីច្បាប់។

សម្ដេចបញ្ជាក់ថា បើមិនដោះស្រាយត្រឹមត្រូវទេ អ្នកប្រឆាំង នឹងវាយប្រហាលមកលើ រាជ រដ្ឋាភិបាល ឬរដ្ឋាបាលថ្នាក់ក្រោមជាតិ។ ប៉ុន្ដែការដោះស្រាយ ត្រូវប្រកាន់នូវគោលការណ៍ ដោះស្រាយសន្ដិវិធី ដោយមិនប្រើប្រាស់ អំពី ហិង្សា ដែលនាំឲ្យមានបញ្ហា វែងឆ្ងាយតទៅ ទៀត ដែលមិនអាចបញ្ចប់បញ្ហាបាន ៕

ដោយ៖ អេង ប៊ូឆេង

To Top