ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌកំរិតធ្ងន់ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ជាវ វិបុល បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបជនសង្ស័យ ដែលមុខសញ្ញាប្លន់និងចែកចាយគ្រឿងញៀន ឃាត់ខ្លួនមនុស្សបាន៦នាក់ជាបន្តបន្ទាប់ ដកហូត អាវុធខ្លីចំនួន២ដើម ព្រមទាំងថ្នាំញៀនមួយចំនួន ។
ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានចាប់ផ្ដើមតាំងពីព្រឹកថ្ងៃ២៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ៦និង០០នាទី ល្ងាចទើបបញ្ចប់ នៅចំនុចផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយដកហូត វត្ថុតាំង កាំភ្លើងខ្លី ម៉ាក K59 ចំនួន២ដើម បង់២ គ្រាប់ចំនួន៧គ្រាប់ ថ្នាំក្រាមសរថ្លាចំនួន ១០កញ្ចក់ ធំ២កញ្ចក់ ថ្នាំគ្រាប់ពណ៌បៃតង ចំនួន២៥គ្រាប់ និងជញ្ជីងថ្លៃថ្នាំ១ និងម៉ូតូមួយគ្រឿង ។
សមត្ថកិច្ចបានអោយដឹងថា មុននឹងឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានជាបន្តបន្ទាប់ គឺកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃក្រសួងមហាផ្ទៃ បានធ្វើការតាមស្រាវជ្រាវ មុខសញ្ញាប្លន់ និងចែកចាយគ្រឿងញៀនយ៉ាង សកម្មក្នុងរាជធានីភ្នំពេញ កាលពីជិត១ខែមុន រហូតមានតំរុយ មកដល់ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ក្រុងភ្នំពេញ បានចុះបង្ក្រាប មុខសញ្ញាបានជាបន្តបន្ទាប់ ដោយម្នាក់ឃាត់ខ្លួន ម្តុំស្ពានព្រែកសំរោង ខណ្ឌច្បារអំពៅ ហើយឈានទៅដល់ការឃាត់ខ្លួន ជាបន្តបន្ទាប់នាក់ទៀត នៅម្តុំផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ សរុប៦នាក់ និងបានសួរនាំ រហូតឈានដល់ការឆែកឆេរ ផ្ទះជួលជនសង្ស័យម្នាក់ ឈ្មោះ ជា រ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ ជាមេក្លោង ប្លន់ប្រដាប់ នៅម្តុំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដោយមានការ ចួលរួមពីលោក ប្លង់សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងលោកក្រឡាបញ្ជី សហការជាមួយនិងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ត្រី ជាវ វិបុល បានធ្វើការឆែកឆេរបន្ទប់ជួល រកឃើញ កាំភ្លើងខ្លីម៉ាក k59 ចំនួន 2ដើម ថ្នាំក្រាមសរថ្លាចំនួន ១០កញ្ចក់ មាន២កញ្ចក់ថង់ធំ ថ្នាំគ្រាប់ពណ៌បៃតង ចំនួន២៥គ្រាប់ និងជញ្ជីង សំរាប់ថ្លឹងថ្នាំចំនួន១ ម៉ូតូមួយគ្រឿង និងសំភារៈផ្សេងៗទៀត ។
ក្រោយពេលឆែកឆេររកឃើញ វត្ថុតាំងរួចហើយ ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់ បាននាំខ្លួនយកទៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕