ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសគាំទ្រគំនិតផ្តួចផ្តើម របស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល នៅក្នុងព្រះរាជាណចក្រកម្ពុជា ។
ការប្រកាសគាំទ្ររបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ដើម្បីជំរុញតម្រូវការ ប្រើប្រាស់ប្រាក់រៀល នៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រតិបត្តិការ ដែលមានទំហំតូចការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗ គួរត្រូវជំនួស ដោយប្រាក់រៀលវិញ។
តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៣០ ឧសភានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់សាធារណជនថា ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយក តាមតម្លៃសេដ្ឋកិច្ច ប៉ុន្តែសូមលើកទឹកចិត្តដល់សាធារណជន ឲ្យប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ ។
ទន្ទឹមគ្នានោះដែរសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានដាក់ចេញ នូវសេចក្ដីថ្លែងការណ៍ ដូចខាងក្រោមសម្រាប់សមាជិកទាំងអស់ ក្នុងការអនុវត្ត ព្រមទាំងផ្សព្វផ្សាយ ជូនដល់សាធារណជន ដើម្បីជ្រាបជាព័ត៌មាន៖
១.សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមធ្វើការបញ្ជាក់ចំពោះសាធារណជន ឲ្យបានជ្រាបថា ក្រដាស ប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច។
២.ជាមួយគ្នានេះដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមចូលរួមលើកទឹកចិត្តដល់សាធារណជន ឲ្យប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ ។
សូមរំលឹកថា ក្រៅពីការប្រកាសថា ក្រដាសប្រាក់ដុល្លារតូចៗ នៅតែអាចចរាចរលើទីផ្សារបានធម្មតានោះ ធនាគារជាតិនៃកម្ពុជា ក៏បានសម្រេចទុកពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា ៕