ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិ នៃធនាគាពិភពលោក នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០ បានអនុម័តកញ្ចប់ថវិកា ១៥លានដុល្លារ ជាឥណទាន ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដល់គម្រោង ពង្រឹងប្រព័ន្ធបណ្តុះបណ្តាល គ្រូពេទ្យមុនពេលចូល បម្រើការងារ ដើម្បីជួយកម្ពុជា ក្នុងការពង្រឹងការបំប៉នជំនាញដល់គ្រូពេទ្យ។
ក្នុងគោលដៅនេះនឹងឈាន ទៅកែលម្អគុណភាពសេវា ថែទាំសុខភាពឲ្យទទួលបាន លទ្ធផលកាន់តែប្រសើរឡើង។
យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ធនាគារ ពិភពលោកនៅថ្ងៃ៣០ ឧសភា បានឲ្យដឹងថា កម្ពុជា ជួបការខ្វះខាតគ្រូពេទ្យជំនាញ មានគុណវុឌ្ឍិច្រើន ពិសេសក្នុងផ្នែកសាធារណៈ ហើយបើគិតជាចំនួនវិញ គឺមានវេជ្ជបណ្ឌិត ១,៤នាក់ និងគិលានុបដ្ឋាយិកា និងឆ្មប៩,៥នាក់ តែប៉ុណ្ណោះ សម្រាប់មនុស្ស ១០ ០០០ នាក់។ អត្រាទាំងនេះគឺនៅទាបមែនទែន ធៀបទៅនឹងអត្រាមានវេជ្ជបណ្ឌិត ៩នាក់ និងគិលានុបដ្ឋាយិកា ១៩នាក់ សម្រាប់មនុស្ស ១០ ០០០នាក់ នៅក្នុងចំណោម បណ្តាប្រទេសមានចំណូលទាប និងមធ្យមកម្រិតទាប ក្នុងតំបន់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។
ធនាគារពិភពលោកបន្ដថា នៅកម្ពុជាវេជ្ជបណ្ឌិត ច្រើនតែធ្វើការនៅតាមអគារព្យាបាលជំងឺ កម្រិតទីពីរ (មធ្យម) និងកម្រិតទីបី (ខ្ពស់) រីឯអាគារថែទាំកម្រិត បឋមវិញ មានបុគ្គលិកសុទ្ធសឹងតែជាគិលានុបដ្ឋាយិកា និងឆ្មបជាអ្នកមើលថែទាំជំងឺ។ ភាគច្រើនៃវេជ្ជបណ្ឌិតជំនាញទូទៅ បម្រើការងារនៅតាមមន្ទីរពេទ្យខេត្ត (មាន ៦៣ភាគរយ) ខណៈវេជ្ជបណ្ឌិតឯកទេសច្រើន លើសលប់ត្រូវបានគេដាក់ពង្រាយនៅតាមមន្ទីរពេទ្យក្នុងទីក្រុង (មានដល់ទៅ ៧៩ភាគរយ)។
ដើម្បីជួយកម្ពុជា ដោះស្រាយបញ្ហាប្រឈមទាំងនេះ គម្រោងនឹងជួយនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល ក្នុងការពង្រឹងអភិបាលកិច្ចការអប់រំវិជ្ជាជីវៈពេទ្យ ក្នុងនោះ មានការពង្រឹងបទប្បញ្ញត្តិ និងការធ្វើស្តង់ដានីយកម្មសម្រាប់ការអប់រំបណ្តុះ បណ្តាលគ្រូពេទ្យ ការប្រលងសមត្ថភាពពេទ្យបញ្ចប់ការសិក្សាថ្នាក់ជាតិ និងការផ្តល់ជំនួយ បច្ចេកទេស និងការដោះដូរចំណេះដឹងបទពិសោធន៍ ស្តីពី ការអប់រំគ្រូពេទ្យជំនាញ។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារ ពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «ការវិនិយោគទៅលើការកសាង សមត្ថភាពសម្រាប់គ្រូពេទ្យជំនាញតាមរយៈ ការបំប៉ន ពួកគេឲ្យទទួល បានចំណេះដឹង និងជំនាញកាន់តែប្រសើរ ដើម្បីផ្តល់សេវាក្នុងស្ថានភាពមានគ្រោះបន្ទាន់ ដូចជា ការផ្ទុះជំងឺកូវីដ-១៩ និងការពង្រឹងអភិបាលកិច្ចវិស័យសុខាភិបាល គឺមាន សារៈសំខាន់ខ្លាំងណាស់សម្រាប់ ប្រព័ន្ធផ្តល់សេវាសុខាភិបាល នៃប្រទេសកម្ពុជា»។
លោកស្រីបន្ដថា ធនាគារពិភពលោក ប្តេជ្ញាចិត្តជួយគាំទ្រកម្ពុជា ក្នុងកិច្ចខិតខំកែលម្អសេវាថែទាំសុខភាព សម្រាប់ប្រជាជនកម្ពុជា ពិសេស សម្រាប់ជនក្រីក្រ និងក្រុមជនងាយរងគ្រោះបំផុត៕
ដោយ៖ អេង ប៊ូឆេង