នយោបាយ

វិភាគ ៖ សហរដ្ឋអាមេរិក ខាតធ្ងន់ ជាងប្រទេសចិន ក្នុងសំណុំរឿងទីក្រុង ហុងកុង

បច្ចុប្បន្នភាព កាលពីចុងខែឧសភា កន្លងទៅថ្មីៗនេះ ប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកឋានៈដែនដី ពិសេសចេញពីទីក្រុងហុងកុង ហើយ និងដាក់ទណ្ឌកម្ម ទៅលើប្រទេសចិន ជាពិសេស គឺដាក់ទណ្ឌកម្មទៅលើមន្ត្រីចិន និងមន្ត្រីទីក្រុងហុងកុងណា ដែលអាមេរិកចាត់ទុកថា ជាបំផ្លាញស្វ័យភាពហុងកុង ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានទាញហេតុផលថា សេចក្តីសម្រេច របស់លោក ត្រាំ ក្នុងការដកឋានៈពិសេស ចេញពីទីក្រុងហុងកុង និងដាក់ទណ្ឌកម្ម លើប្រទេសចិននេះ អាចនឹងធ្វើអោយអាមេរិក ខាតបង់ធ្ងន់ធ្ងរទៅវិញទេ ដោយសារតែការនាំចេញទំនិញ គ្រប់ប្រភេទពីហុងកុង ទៅអាមេរិក មានតម្លៃទឹកប្រាក់ តែជាង៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ តែអាមេរិក បាននាំចូលទំនិញតម្លៃ ជាង៣០ពាន់លានដុល្លារអាមេរិក ចូលទីក្រុងហុងកុង ។

ជាការសងសឹក នឹងទណ្ឌកម្មអាមេរិក ប្រទេសចិន អាចនឹងដាក់ទណ្ឌកម្ម តបទៅអាមេរិកវិញ ដោយការដំឡើងពន្ធនាំចូលពី អាមេរិកទៅកាន់ក្រុងហុងកុង នៅពេលខាងមុខ ហើយក្រុមហ៊ុនអាមេរិក ប្រមាណជាង១៣០០ក្រុមហ៊ុន នៅទីក្រុងនេះ អាចនឹងទទួលរងផលប៉ះពាល់ ពីការដំឡើងពន្ធនាំចូល របស់ប្រទេសចិន ។

អ្នកជំនាញដដែលបានបន្តថា ការដកឋានៈពិសេសពីទីក្រុងហុងកុង និងការដាក់ទណ្ឌកម្ម លើប្រទេសចិន មិនមែនជាដំណោះស្រាយ ជួយដល់ទីក្រុងនេះទេ តែផ្ទុយទៅវិញ អាមេរិកកំពុងបោះបង់ចោល ទីក្រុងហុងកុង និងរុញច្រានអោយទីក្រុងនេះ ធ្លាក់ចូលទៅក្នុងកណ្តាប់ដៃ របស់ប្រទេសចិន កាន់តែណែនថែមទៀត ។

ប្រទេសចិន បានកាត់បន្ថយការពឹងផ្អែក លើទីក្រុងហុងកុង ជាឈ្មួញកណ្តាល ក្នុងការធ្វើជំនួញជាមួយក្រុមហ៊ុនបរទេស ធនាគារបរទេស និងប្រើរូបិយប័ណ្ណ បរទេស ចាប់តាំងពីឆ្នាំ១៩៩២ កន្លងទៅ ដែលនៅពេលបច្ចុប្បន្ននេះ ចិនបានពឹងផ្អែកទីក្រុងហុងកុង តែ១០%ប៉ុណ្ណោះ ដោយសារចិនមានទីក្រុងសៀងហៃ ជាដើមជាឈ្មួញ កណ្តាលរួចហើយ ។

ដើមចមនាំអោយកើតរឿង ទីក្រុងហុងកុង ដែលជាតំបន់ស្វយ័តរបស់ប្រទេសចិន បានឈានជើងចូលក្នុងបរិបទថ្មីមួយទៀត ហើយនៅឆ្នាំ២០២០នេះ ក្រោយពីសមាជិកសភាប្រជាជនចិន បានបោះឆ្នោតអនុម័តច្បាប់សន្តិសុខជាតិ សម្រាប់ដាក់អោយអោយទីក្រុងនេះ អនុវត្តនៅពេលខាងមុខ ដែលច្បាប់នេះ គឺជាការកាត់បន្ថយសិទ្ធិស្វ័យភាព របស់ទីក្រុងហុងកុង និងជាច្បាប់ពង្រីកឥទ្ធិពល របស់ប្រទេសចិនអោយ កាន់តែខ្លាំងថែមទៀតលើទីក្រុងនេះ ។

ពាក់ព័ន្ធនឹងបញ្ហារវាងទីក្រុងហុងកុង និងប្រទេសចិននេះ អ្នកជំនាញផ្នែកទំនាក់ទំនង អន្តរជាតិ បានលើកឡើងថា មុនពេលប្រគល់ទីក្រុងហុងកុង អោយទៅប្រទេសចិន កាលពីឆ្នាំ១៩៩៧កន្លងទៅ ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ខ្លួន មានសហរដ្ឋអាមេរិកជាដើម បានចុះកិច្ចព្រមព្រៀងមួយ តម្រូវអោយទីក្រុងនេះស្ថិតជាតំបន់ស្វយ័ត ដោយរស់នៅក្នុងសេរីភាព ប្រព័ន្ធតុលាការឯករាជ្យ និងគ្រប់គ្រងសេដ្ឋកិច្ចដោយខ្លួនឯងរយៈពេល៥០ឆ្នាំ គឺចាប់ពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០៤៧ខាងមុខ ។

គោលបំណងសំខាន់ របស់ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្ត គឺក្នុងរយៈពេល៥០ឆ្នាំនេះ ទីក្រុងហុងកុង នឹងអាចអូសទាញតំបន់ផ្សេងទៀត នៅលើទឹកដីចិន អោយក្លាយទៅជាតំបន់សេរី និងមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ដូចខ្លួនដែរ និងអាចអូសទាញប្រទេសចិន ទាំងមូលអោយក្លាយទៅជាប្រទេស សេរីនៅពេលខាងមុខ ដោយសារតែទីក្រុងហុងកុង មានសេរីភាពជាង និងមានកំណើនសេដ្ឋកិច្ចខ្លាំងជាងប្រទេសចិន ។

នៅពេលបច្ចុប្បន្ននេះ ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តបានខកបំណង និងបរាជ័យលើគម្រោង របស់ខ្លួនទៅហើយ ដោយសារតែទីក្រុងហុងកុង មិនអាចអូសទាញចិន អោយទៅជាប្រទេសសេរីទេ គឺប្រទេសចិនបានអូសទាញ ទីក្រុងហុងកុង អោយទៅជាកុម្មុយនិស្តវីញ ដោយដាក់បញ្ចូលច្បាប់សន្តិសុខជាតិ អោយទីក្រុងហុងកុងអនុវត្ត ដែលជាការបន្ថែមឥទ្ធិពលចិនលើទីក្រុងហុងកុង ដែលបង្ហាញអោយឃើញថា ទីក្រុងហុងកុង មិនមានឥទ្ធិពលអូនទាញ ចិនទេ គឺចិនវិញទេដែលមាន ឥទ្ធិពលអូសទាញហុងកុង អោយចូលកុម្មុនិស្ត ។

សន្និដ្ឋាន៖ តើការដកឋានៈពិសេសពីទីក្រុងហុងកុង របស់អាមេរិក អាចធ្វើអោយចិន ផ្លាស់ប្តូរជំហរទេ?

រដ្ឋាភិបាលរបស់ប្រទេសចិន ទំនងជាមិនផ្លាស់ប្តូរជំហរ របស់ខ្លួនក្នុងការដាក់ច្បាប់សន្តិសុខជាតិ អោយទីក្រុងហុងកុងអនុវត្តនោះទេ ពីព្រោះចិនខាតបង់តិចតួចក្នុងសំណុំរឿងទីក្រុងនេះ ប៉ុន្តែអាមេរិកវិញទេ ដែលជាអ្នកខាតបង់ ផ្នែកសេដ្ឋកិច្ចច្រើនជាងចិន ហើយចិនក៏ទទួលបានផលចំណេញច្រើនណាស់ដែរ ផ្នែកនយោបាយនៅទីក្រុងនេះ ខណៈដែលអាមេរិកបោះបង់ ហុងកុងចោល ។

ម្យ៉ាងទៀត ក្រោយពីសហរដ្ឋអាមេរិក បោះបង់ចោលទីក្រុងនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង មានឱកាសកាន់តែច្រើន ក្នុងការអនុវត្តច្បាប់សន្តិសុខជាតិ ទៅតាមអ្វីដែលខ្លួនបានគ្រោងទុកមុន និងមិនមានជនណាមួយ ឬប្រទេសណាមួយ ទៅរារាំងចិន ក្នុងការអនុវត្តច្បាប់សន្តិសុខជាតិ ដែលនឹងត្រូវដាក់អោយទីក្រុងហុងកុង អនុវត្តនោះទេ ។

ផលប៉ះពាល់លើទីក្រុងហុងកុង នៅពេលខាងមុខ ក្រោយពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដាក់អោយអនុវត្តច្បាប់សន្តិសុខជាតិ គឺពិតជាកើតមានដោយចៀសមិនរួចទេ គឺប៉ះពាល់ទៅលើសិទ្ធិសេរីភាព ក្នុងការបញ្ចេញ ប៉ះពាល់ដល់ស្វ័យភាព ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងប៉ះពាល់សន្តិសុខផងដែរ ប្រសិនបើក្រុមគាំទ្រខាងប្រជាធិបតេយ្យ ចេញទៅធ្វើបាតុកម្មប្រឆាំង នឹងច្បាប់នេះកាន់តែច្រើន ៕
ដោយ ៖ អ៊ិន ជិន

To Top