កំពង់ចាម៖ ប្រធានសាខាកាកបាទក្រហម ខេត្តកំពង់ចាម និងជាអភិបាលខេត្ត លោក អ៊ុន ចាន់ដា អមដំណើរដោយ អភិបាលរងខេត្ត និងសមាជិកាគណៈកម្មាធិការសាខា នៅថ្ងៃទី ០២ ខែមិថុនាឆ្នាំ ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ កំពុងខ្វះខាតជីវភាព ចំនួន១២០ គ្រួសារ មកពី ២ សង្កាត់ ក្នុងក្រុងកំពង់ចាម ចំនួន ៦០ គ្រួសារ និងមកពី ឃុំ ក្នុងស្រុកកំពង់សៀមចំនួន ៦០ គ្រួសារ ។
ស្ថិតក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល ជានិច្ច កាល សម្តេចតែងតែគិតគូរដល់សុខទុក្ខ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាពិសេស ក្នុងស្ថានភាពទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ នេះ សម្តេចប្រធាន បានផ្តោតការយកចិត្តទុកដាក់ ចំពោះគ្រួសារចាស់ជរាគ្មានទីពឹង ,ជនមានពិការ ភាព ,គ្រួសារកុមារកំព្រា, ស្ត្រីមេម៉ាយក្រលំបាកកូនច្រើន , អ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារក្រីក្រកម្រិត១ ដែលខ្វះខាតក្នុងជីវភាព ត្រូវអន្តរាគមន៍ ដោះស្រាយផ្តល់ជំនួយសង្រ្គោះ អោយបានទាន់ពេលវេលា ស្របតាមទិសស្លោក “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗ គ្នា ដោយមិនទុកនរណា ម្នាក់ចោល” ។
ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន អោយកាន់តែខ្ពស់បន្តទៀត ក្នុងការចូលរួមបង្ការ ទប់ស្កាត់ការឆ្លងជម្ងឺកូវីដ19 ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួនឡើយ ។ ម្យ៉ាងទៀតទាំងអស់គ្នា សូមខិតខំការពារខ្លួន ដោយផ្តើមពីយើងម្នាក់ៗ ត្រូវថែទាំសុខភាពអោយបានល្អ ហើយការរស់នៅ ត្រូវប្រកាន់យក វិធានការអនាម័យស្អាត ៣ យ៉ាង រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តអោយបានខ្ជាប់ខ្ជួន តាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀសអោយផុតពីការឆ្លងរាតត្បាត នៃជម្ងឺដ៏កាចសាហាវនេះ ។
លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាជីវិតខ្លួនឯង និងជីវិតអ្នកដទៃ តាមពាក្យស្លោក ” ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ” ។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំង ១២០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖
អង្ករ ២៥ គីឡូក្រាម ,ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ ១០ កំប៉ុង, អាវយឺត ២ , ម៉ាស់ ៥បន្ទះ និងថវិកា មួយចំនួនផងដែរ ៕