ព័ត៌មានជាតិ

៤ខែ ដើមឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិ ជាង២ពាន់ករណី

ភ្នំពេញ៖ រយៈពេល ៤ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បង្ក្រាបបទល្មើស ធនធានធម្មជាតិ បានចំនួន ២ ៣៣៣ ករណី ដែលភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់ កាប់ដីព្រៃដោយ ខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធាន ធម្មជាតិផ្សេង ទៀត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានថ្លែងថា ក្នុង ចំណោមបទល្មើសធនធានធម្មជាតិទាំងនេះ មាន១៧៩ ករណីមានការពាក់ព័ន្ធនឹង មនុស្សជិត ២០០នាក់ ត្រូវចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមនីតិវិធី និងបានធ្វើការផាកពិន័យអន្តរកាលបានចំនួន ៤០៣ករណី និងធ្វើការ អប់រំនិងធ្វើកិច្ចសន្យា បញ្ឈប់ប្រព្រឹត្ត បទល្មើសបានចំនួន ៦១៣ ករណីពាក់ព័ន្ធនឹងមនុស្សចំនួន៦២៤ នាក់អនុ លោមតាម ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

លោកបន្ដថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សរបស់ ក្រសួងបរិស្ថានទាំង ១២៦០នាក់ បានចុះបេសកកម្មដើរល្បាត ចំនួន ៧ ០៧៨ លើកនៅក្នុងតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦០ កន្លែងដែល មានផ្ទៃដីសរុបប្រមាណ ៧,២លានហិកតា ហើយពេលខ្លះមានការចូលរួម ដើរល្បាតពីសហគមន៍តំបន់ ការពារធម្មជាតិដែល បានទទួលស្គាល់ដោយក្រសួងបរិស្ថាន និងបង្ក្រាបបទល្មើស ធនធានធម្មជាតិបានចំនួន ២ ៣៣៣ករណី។

លោកបន្ថែមថា នៅក្នុងការចុះទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ៤ ខែនេះ មន្ត្រី ទ្យានុរក្សរួមនឹង សហគមន៍តំបន់ការពារធម្មជាតិដែលបាន រឹបអូសរណាយន្តបានចំនួន ៩៧០គ្រឿង រថយន្ត រថយន្តកែច្នៃ ត្រាក់ទ័របានចំនួន ៥៣គ្រឿង រឹបអូសម៉ូតូដែលជាមធ្យោ បាយប្រព្រឹត្តបទល្មើសបានចំនួន ១២៦ គ្រឿង ចាប់ឃាត់គោយន្តចំនួន ២០៣ គ្រឿង និងដោះអន្ទាក់ដែលជាឃាតកលាក់មុខ សម្លាប់សត្វព្រៃបានចំនួន ៨៩៥០អន្ទាក់ ព្រមទាំងបាន ដកហូតកាំភ្លើង កាំភ្លើងកែច្នៃ ស្នាតេះដែលប្រើប្រាស់សម្រាប់បរបាញ់ សត្វបានចំនួន ២៣៩ដើម។

បន្ថែមពីនេះ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លើកឡើងថាទោះបីជាមាន ការរឹតបន្តឹងការ អនុវត្តច្បាប់ បង្កើនសកម្មភាពអប់រំស្តីពីច្បាប់ តំបន់ការពារធម្មជាតិពីសំណាក់មន្ត្រីអនុ វត្តច្បាប់ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូច ដូចជាការលបលួចកាប់ឈើ ការបរបាញ់និងការ ដាក់អន្ទាក់សត្វព្រៃនៅតែបន្ដ កើតមាននៅក្នុងតំបន់ ការពារធម្មជាតិដែលចាំបាច់ ភាគីពាក់ព័ន្ធនានាត្រូវចាត់វិធានជាចាំបាច់ ទប់ស្កាត់និងបង្ក្រាប បទល្មើសទាំងនេះបន្តថែមទៀត។

លោករដ្ឋលេខាធិការ បញ្ជាក់ថា កម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ ក្នុងការទប់ស្កាត់និងបង្ក្រាបយ៉ាងហ្មឺងម៉ាត់ ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ដែលកើតឡើងស្របតាមច្បាប់នានា និងមិនលើកលែងឡើយ៕

ដោយ៖ អេង ប៊ូឆេង

To Top