ព័ត៌មានជាតិ

កូវីដ១៩៖ ក្រសួងទេសចរណ៍ ដាក់ចេញវិធានសុវត្ថិភាព និងក្រមប្រតិបត្តិពិសេស ដល់អាជីវកម្មធំៗ

ភ្នំពេញ៖ បន្ទាប់ពីបានពិគ្រោះពិភាក្សាយ៉ាងល្អិតល្អន់ជាមួយក្រសួងសុខាភិបាល និងផ្នែកឯកជនរួចមក ក្រសួងទេសចរណ៍ សម្រេចដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ ដល់អាជីវកម្ម សេវាកម្មទេសចរណ៍ និងក្រមប្រតិបត្តិ សម្រាប់អនុវត្តន៍ក្នុងអាជីវកម្មធំៗចំនួន៤ ដើម្បីបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ១៩។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ប្រភេទនៃអាជីវកម្ម សេវាកម្មទេសចរណ៍ទាំង ៤ នោះរួមមាន៖
ទី១-អាជីវកម្មសេវាកម្ម ស្នាក់នៅទេសចរណ៍ ។
ទី២- អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ។
ទី៣-អាជីវកម្មសេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ផ្លូវគោក
និងទី៤-គឺអាជីវកម្មរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍។

លោកឲ្យដឹងទៀតថា ក្នុងវិធានសុវត្ថិភាពទេសចរណ៍ទាំងនេះ ក៏មានការកំណត់នូវ លក្ខខណ្ឌជាច្រើន ក្នុងនោះមានលក្ខខណ្ឌតម្រូវចាំបាច់ ដោយខានពុំបាន និងលក្ខខណ្ឌជម្រើសដែលអាជីវកម្ម សេវាកម្មទេសចរណ៍ ត្រូវរៀបចំបំពេញ តាមលក្ខខណ្ឌកំណត់។

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ក្នុងករណីដែលមូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ មិនបានបំពេញនូវ លក្ខខណ្ឌតម្រូវទេនោះ អាចនឹងប្រឈមការព្យួរអាជ្ញាបណ្ណទេសចរណ៍មួយរយៈ ប៉ុន្តែក្នុងករណីបាន បំពេញលក្ខខណ្ឌតម្រូវល្អ បន្ថែមដោយលក្ខខណ្ឌ ជម្រើសមួយចំនួនទៀត អាចនឹងបានទទួលនូវបណ្ណបញ្ជាក់ និងលិខិតសរសើរ (Label) ទទួលស្គាល់គុណភាពសេវាកម្ម ក្នុងដំណាក់កាល កូវីដ១៩ពី ក្រសួងទេសចរណ៍ ដែលអាចបិទបង្ហាញ ផ្សព្វផ្សាយជាសាធារណៈ ឬចុះផ្សាយក្នុងបណ្តាញសង្គម និងគេហទំព័ររបស់ក្រសួងទេសចរណ៍ផងដែរ។

លោកបញ្ជាក់ថា ជាមួយការដាក់ចេញ អនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ និងក្រមប្រតិបត្តិក្រសួងក៏បាន ដាក់ចេញសេចក្តីណែនាំ «អ្វីដែលគួរធ្វើ និងអ្វីមិនគួរធ្វើ» សម្រាប់វិស័យទេសចរណ៍ ក្នុងដំណាក់កាលកូវីដ១៩ នេះជាភាសាខ្មែរ និងភាសាបរទេសផងដែរ។

សូមបញ្ជាក់ថា ប្រកាសស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អនុវត្តន៍នេះ ត្រូវប្រកាសផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ៕

ដោយ៖ធី លីថូ

To Top