ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ជំនួយឥតសំណងជាង ៤០លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន៣ នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ហិរញ្ញប្បទាន ឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៤.៥០១លានយ៉េន ស្មើនឹងប្រមាណ ៤១,៤ លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងសំខាន់ៗចំនួន ៣ ។

នៅរសៀលថ្ងៃទី៥ មិថុនានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសខ្មែរ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើ លិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ប្រមាណ ៤១,៤លានដុល្លារ នៅទីស្ដីការក្រសួងការបរទេស ។

ក្នុងពិធីចុះហត្ថលេខានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ហិរញ្ញប្បទាន ឥតសំណងដែលមានទឹកប្រាក់ប្រមាណ ៤១,៤លានដុល្លារ ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុន ដល់រាជរដ្ឋាភិបាលកម្ពុជា គឺសម្រាប់អនុវត្តគម្រោងចំនួន ៣ដូចជា៖

១.ទឹកប្រាក់ចំនួន ៣៤៨ លានយ៉េន ប្រមាណ ៣,២ លាន ដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ សម្រាប់មន្រ្តីកម្ពុជាវ័យក្មេង ដែលមានទេពកោសល្យ ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន។

២.ទឹកប្រាក់ចំនួន ២.១៥៣ លានយ៉េន ប្រមាណ ១៩,៨ លានដុល្លារអាមេរិក សម្រាប់ការធ្វើឱ្យប្រសើរឡើង នៃមណ្ឌលសុខភាព សម្ភារៈវេជ្ជសាស្រ្ត និងសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប។

៣.ទឹកប្រាក់ចំនួន ២.០០០ លានយ៉េន ប្រមាណ ១៨,៤លានដុល្លារអាមេរិក សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សរុបចំនួន ៣៤.១៣៨ លានយ៉េន (ប្រមាណ ៣១០លានដុល្លារអាមេរិក) សម្រាប់ (ក) ពង្រីកការផ្គត់ផ្គង់ទឹកនៅក្រុងតាខ្មៅ (ខ) ការបោសសំអាតមីន និងជំនួយសម្រាប់ជនរងគ្រោះដោយសារគ្រាប់មីន (គ) កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម និង (ឃ) ការធ្វើឲ្យប្រសើរឡើងនៃផ្លូវជាតិលេខ៥។

ផ្ទាំងពាណិជ្ជកម្ម

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ខណៈដែលប្រទេសនៅជុំវិញពិភពលោក រួមទាំងជប៉ុនផង កំពុងប្រឈមនឹងការលំបាកខ្លាំងផ្នែកសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ រដ្ឋាភិបាលជប៉ុន នៅតែបន្តប្តេជ្ញាចិត្តគាំទ្រ ដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ជំនួយដែលបានចុះហត្ថលេខានៅថ្ងៃនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាព និងគុណភាពផ្នែកធនធានមនុស្សរបស់យើង ដើម្បីឈានទៅសម្រេចបានពិពិធកម្មសេដ្ឋកិច្ច និងសេចក្តីប្រាថ្នារបស់យើង ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់កញ្ចប់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ថ្មីៗទាំងនេះ បន្ថែមលើជំនួយសប្បុរសធម៌ ដែលបានផ្តល់មកប្រទេសកម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក។ ដោយសារមានការចូលរួមចំណែក មួយផ្នែកធំពីជំនួយ អភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ទើបកម្ពុជាបានអនុវត្តយុទ្ធសាស្ត្រ ចតុកោណរបស់ខ្លួន ប្រកបដោយជោគជ័យ ហើយបច្ចុប្បន្នបានឈាន ដល់ដំណាក់កាលទី៤ និងបានជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រេចបានជាង ៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល២១ឆ្នាំ ចុងក្រោយនេះ។ យើងខ្ញុំសង្ឃឹមថា កម្ពុជា នឹងមានសន្ទុះរឹងមាំ និងងើបឡើងវិញយ៉ាងឆាប់រហ័ស ពីផលប៉ះពាល់នៃវិបត្ដិជំងឺ កូវីដ-១៩។

ក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតជប៉ុន បានសម្ដែងនូវក្ដីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា តាមោរយៈគម្រោងទាំង ៣នេះ នឹងអាចជួយដល់ ប្រជាជនក្នុងតំបន់ជាច្រើន ព្រមទាំងជួយពង្រឹងសមត្ថភាព របស់ប្រទេសកម្ពុជា ក្នុងការទប់ទល់នឹងជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ។

លោកទូតបន្ថែមថា ទន្ទឹមនឹងការកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងស្ថានការណ៍លំបាកនេះ បានយ៉ាងល្អ លោកសង្ឃឹមថា យើងនឹងអាចបន្តសហប្រតិបត្តិការ ដើម្បីជ័យជំនះរាល់ឧបសគ្គ របស់យើងនាពេលអនាគត ។

លោកទូតក៏បានសន្យាថា ជប៉ុននឹងបន្តឆ្ពោះទៅមុខ ដោយសហការជាមួយកម្ពុជា ៕

To Top