Covid-19

សម្តេចតេជោ ក្រើនរំលឹកអាជ្ញាធរ បន្តពិនិត្យភោជនីយដ្ឋាន ផ្សារតូចធំ កន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាបដាស់តឿនក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន បន្តតាមដានចុះត្រួតពិនិត្យភោជនីយដ្ឋាន ផ្សារតូចធំ កន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន ដើម្បីការពារពីការឆ្លងវីរុសកូវីដ១៩។

បច្ចុប្បន្នជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ កំពុងរាតត្បាតនៅក្នុង ២១៦ប្រទេស នៅទូទាំងពិភពលោក។ កូវីដ១៩ ជាជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវបំផុត ដែលពុំទាន់មាន ថ្នាំព្យាបាលនៅឡើយទេ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០សម្តេចតេជោ លើកឡើងថា “សូមអាជ្ញាធរ និងសមត្ថកិច្ចទទួលខុសត្រូវ បន្តពិនិត្យទៅតាមភោជនីយដ្ឋាន ផ្សារតូចធំ ទីកន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន អំពីការអនុវត្តន៍អនាម័យប្រចាំថ្ងៃ ដែលត្រូវតែមានទឹកអាល់កុល នឹងជែលលាង ដៃសម្រាប់អតិថិជន”។

សម្តេចបន្តថា ក្នុងនោះជាពិសេសគឺនៅតាមក្លីនិក ព្យាបាលជំងឺ និងមន្ទីរពេទ្យគឺត្រូវតែមានជែល ឬទឹកអាល់កុល និងម៉ាសសម្រាប់មនុស្សចេញចូល ក្នុងមន្ទីរពេទ្យប្រើប្រាស់ ដើម្បីការពារការឆ្លងរាលដាល មេរោគពីម្នាក់ទៅម្នាក់បាន ដោយសារតែការធ្វេសប្រហែស គ្មានការប្រុងប្រយ័ត្ន។

ជាមួយគ្នានេះ សម្តេចស្នើជនរួមជាតិបន្តសហការ ជាមួយក្រសួងសុខាភិបាល មន្ទីរពេទ្យ នឹងរាយការណ៍ជាបន្ទាន់មកលេខ ១១៥ ប្រសិនបើមានការសង្ស័យ ណាមួយអំពីជំងឺឆ្លងកូវីដ១៩ ហើយតាមដាននិងស្តាប់ តាមការណែនាំរបស់ ក្រសួងសុខាភិបាលជាប្រចាំអំពី វិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងការអរគុណដល់អ្នក សា់ព័ត៌មាន វិទ្យុ ទូរទស្សន៍ និងភ្នាក់ងារផ្សព្វផ្សាយអនឡាញ ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានកូវីដ១៩ ទាន់ហេតុការណ៍ និងអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេស៕

To Top