ភ្នំពេញ ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ ការនាំចេញពោតក្រហម របស់កម្ពុជា សម្រេចបានត្រឹមតែ ៣៥ ,៦៣៦ តោន ថយចុះប្រមាណ១៥,០៤៣តោន ស្មើនឹង២៩,៦៨% ដែលធៀប ទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួន៥០,៦៧៩តោន។
យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា លទ្ធផល នៃការនាំពោតក្រហម ចេញពីកម្ពុជា ទៅកាន់បណ្តាប្រទេសមួយចំនួន ក្នុងតំបន់និងក្រៅតំបន់អាស៊ី ក្នុងរយៈពេលជាង១ឆ្នាំ កន្លងទៅនេះ បានបង្ហាញឲ្យឃើញមាន និន្នាការថយចុះយ៉ាងគំហុក ។ ជាក់ស្តែង នៅឆ្នាំ២០១៨ កម្ពុជាសម្រេចបានការនាំចេញ ពោតក្រហមបាន ២០៤ ១៨៤ តោន, នៅឆ្នាំ២០១៩ សម្រេចបាន ត្រឹមតែ១១៩ ៩៩៣ តោន។
លោកមានប្រសាសន៍ថា «ហើយជាពិសេសការនាំចេញ ពោតក្រហមរបស់កម្ពុជាក្នុង រយៈពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបានត្រឹមតែ ៣៥ ៦៣៦ តោន ថយចុះប្រមាណ ១៥ ០៤៣ តោន ស្មើនឹង -២៩,៦៨% ដែលធៀបទៅនឹងរយៈ៥ខែ ដើមឆ្នាំ២០១៩ មានចំនួន ៥០ ៦៧៩ តោន»។
ទន្ទឹមនឹងនេះ ការផលិតពោតក្រហម របស់កសិករកម្ពុជា មានការកើនឡើងជាលំដាប់ ក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ គឺសម្រេចបាន ១ ១១៤ ៩៥៦ តោន នៅឆ្នាំ២០១៩, សម្រេចបាន ១ ០៦៣ ៦៧៧ តោន នៅឆ្នាំ២០១៨, សម្រេចបាន ៥៩៦ ១១២ តោន នៅឆ្នាំ២០១៧ និង ៣៣៣ ០៥៨ តោន នៅឆ្នាំ២០១៦ ។
លទ្ធផលខាងលើ បានបង្ហាញនូវក្តីមោទនៈភាពជាតិ និង ជាការពេញចិត្ត សម្រាប់ ប្រជាជន និងរាជរដ្ឋាភិបាលទៅវិញ បើទោះបីបានឃើញ តួលេខនាំចេញ ពោតក្រហមមាន ការថយចុះក្នុងរយៈពេលមួយនេះ ព្រោះប្រាកដបរិមាណពោតក្រហម ដែលសល់ពីការនាំចេញ យ៉ាងច្រើនសន្ធឹកសន្ធាប់ បានដឹកចូលទៅកាន់រោងចក្រ កែឆ្នៃចំណី សត្វក្នុងស្រុក ស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
បើតាមហ្វេសប៊ុក លោក វេង សាខុន ដដែលលទ្ធផល នៃការនាំចេញម្ទេសស្រស់របស់កម្ពុជា ទៅកាន់ប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបាន បង្ហាញឲ្យឃើញថា មាននិន្នាកាកើនឡើងជាលំដាប់ ជាក់ស្តែងនៅឆ្នាំ២០១៥ កម្ពុជាសម្រេចនាំចេញបាន ១ ០០២ តោន។
លោកបន្ថែមថា ឆ្នាំ២០១៦ សម្រេចបាន ១ ៤៩០ តោន ។ ចំណែកឆ្នាំ២០១៧ សម្រេចបាន ១ ៧៥០ តោន ហើយឆ្នាំ២០១៨ សម្រេចបាន ១៥ ៤៩៤ តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥ ៥១៣ តោន។
ដោយឡែក ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២០ នេះ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជា ទៅថៃសម្រេចបាន ចំនួន ៣០ ៨៥២ តោន ៕
ដោយ ៖ អេង ប៊ូឆេង




