ព័ត៌មានជាតិ

១សប្តាហ៍ គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស ៣២នាក់ និងរបួស ៩១នាក់

ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ៧ ខែមិថុនា ឆ្នាំ២០២០នេះ បានសម្លាប់មនុស្ស ៣២នាក់ និងរបួស ៩១នាក់។

យោងតាមការចេញផ្សាយរបស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៨លើក ក្នុងនោះ បណ្តាលឲ្យ មានអ្នកស្លាប់ ៣២នាក់ របួសធ្ងន់ ៥៥នាក់ និងរបួសស្រាល ៣៦នាក់ មូលហេតុបណ្តាល មកពី បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ប្រជែង បត់មិនប្រយ័ត្ន កត្តាយានយន្ត និងស្រវឹង។

ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ ស្តីពី ចរាចរណ៍ផ្លូវ គោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវកុំបើកបរលើស ល្បឿនកំណត់ កុំបើកបរល្មើស នឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេល ធ្វើដំណើរ តាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕

ដោយ ៖ អេង ប៊ូឆេង

To Top