ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត បានសន្យារួមគ្នាអភិវឌ្ឍន៍ លើវិស័យការងាររវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរបន្តទៀត ក្រោយចប់ជំងឺកូវីដ-១៩។
ការបញ្ជាក់ជំហរយ៉ាង ដូច្នេះធ្វើឡើងក្នុងជំនួប ពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំកម្ពុជាទើបតែងតាំងថ្មី លោក Ermenegildo Kupa Lopes នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
ជំនួបពិភាក្សានេះផ្តោតសំខាន់ លើកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលកម្ពុជា និងទីម័រខាងកើត បានសហការជាមួយគ្នា យ៉ាងល្អកន្លងមក ហើយបាននិងកំពុងបន្ត ពង្រឹងពង្រីកបន្ថែមទៀត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ពី ទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ ដែលមានធម្មជាតិដ៏ស្រស់ត្រកាល និងប្រវិត្តសាស្ត្រប្រហាក់ប្រហែលគ្នា។
ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះ គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជា មកពីគ្រប់និន្នាការនយោបាយ អាចរួមរស់ជាមួយគ្នាប្រកបដោយ សុខដុមរមនាជាមួយគ្នា។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដែលប្រទេសទាំងពីរបាន ចុះកិច្ចព្រមព្រៀងជាមួយគ្នាស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ” កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ រួមមាន៖
-ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធីការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សានិងព័ត៌មានពាក់ព័ន្ធវិស័យនានា រួមទាំងការសិក្សាប្រៀបធៀប លើវិស័យការងារ មុខរបរ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជា៖ ការចរចារជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្ម សេរីភាពខាងសមាគម សុវត្ថិភាព និងសុខភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្តូរព័ត៌មានទៅលើ ការពង្រឹងផលិតភាពការងារ
-ការលើកទឹកចិត្តការផ្លាស់ប្តូរ ទស្សនៈកិច្ចរវាងមន្ត្រីទទួលបន្ទុក និងមន្ត្រីជំនាញ
-ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ
-ការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស៕