ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានជូនដំណឹង ដល់កម្មករនិយោជិតចំនួន ១៧០៥២នាក់ នៃរោងចក្រសហគ្រាសទាំង៥០ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ថាធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ទៅលេខទូរស័ព្ទ ដែលកម្មករទាំងនោះបានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាល រោងចក្រ សហគ្រាសនាពេលកន្លងមក។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះ ចំនួន៖
- ៦១ ៥០០រៀល (១៥ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ
- ១២៣ ០០០រៀល (៣០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ
- ១៦៤ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។
ក្រសួងបញ្ជាក់ថា ដើម្បីចៀសវាងការលំបាកក្នុងការបង្វិលថវិកា សងរាជរដ្ឋាភិបាលវិញ ក្នុងករណីរោងចក្រ សហគ្រាសសុំចូលធ្វើការមុនកាលកំណត់ នៃរយៈពេលព្យួរកិច្ចសន្យាការងារនោះ ប្រាក់ឧបត្ថម្ភនឹងត្រូវចែកចេញជា ២ដង សម្រាប់បងប្អូន ដែលព្យួរកិច្ចសន្យាការងារចាប់ពី ២១ថ្ងៃ ដល់ ១ខែ, និងត្រូវបែងចែកជា ៤ដង សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល ២ខែ ដោយក្នុង ១ដង ស្មើនឹងថវិកាចំនួន ៨២ ០០០រៀល (២០ដុល្លារអាម៉េរិក)។
ក្រសួងបានរំឮកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ឧបត្ថម្ភនេះ។
ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង៥០នេះ មិនបានទទួលសារ ទូរស័ព្ទពីធនាគារឯកទេសវីងនោះ សូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួនជាបន្ទាន់ ដោយផ្អែកលើខ្លឹមសារនៃសេចក្ដីណែនាំ លេខ០៤៥/២០ របស់ក្រសួង។
ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មកររោងចក្រ សហគ្រាស ដទៃផ្សេងទៀត អំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ។ អាស្រ័យដូចបានជម្រាបជូន ខាងលើ សូមសាធារណជន ជាពិសេសបងប្អូនកម្មករនិយោជិតជ្រាបជាព័ត៌មាន និងសូមរួសរាន់ទំនាក់ទំនង បើកប្រាក់ឧបត្ថម្ភនេះ នៅតាមភ្នាក់ងារវីងនានា ដែលនៅជិតបំផុត ឲ្យបានទាន់ពេលវេលា ៕