ព័ត៌មានជាតិ

ប្រឡាយស្ទឹងមានជ័យ ស្ថាបនា​បាន ៩០% ដែលអាចបញ្ជៀស ការលិចលង់ ​លំនៅឋានពលរដ្ឋ ពីជំនន់ទឹកភ្លៀង

ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា​ ដំណើរការការស្ថាបនា ​ប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើមស្លែង មកដល់ពេលបច្ចុប្បន្នសម្រេចបានប្រមាណ៩០%ហើយ ខណៈអាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធបាននិងកំពុងដោះស្រាយ ផលប៉ះពាល់បញ្ចប់ និងកាយភក់សំរាម ជាមួយបុកស៊ីផាយ បេតុងជញ្ជាំងប្រឡាយ ។

ប្រឡាយនឹះគ្រោងនឹងសង់រួចរាល់ នៅក្នុងឆ្នាំនេះ ដើម្បីបញ្ជៀសការលិចលង់ លំនៅឋាន ប្រជាពលរដ្ឋ ពីជំនន់ទឹកភ្លៀង យ៉ាងមានប្រសិទ្ធភាព។ នេះបើតាមការបញ្ជាក់ពីប្រធានមន្ទីរសាធារណកា ររាជធានីភ្នំពេញនាពេលថ្មីៗ។

ក្នុងនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញ និងអាជ្ញាធរ ដែនដី កាលពីចុងខែមេសា បានជម្រុញមន្ត្រីជំនាញ និងអាជ្ញាធរឲ្យសហការគ្នាបានល្អ ពិសេសការត្រួតពិនិត្យលើ ក្រុមហ៊ុនស្ថាបនា ដើម្បីឲ្យការសាងសង់ ធានាបានគុណភាពស្តង់ដារ។

ប្រឡាយស្ទឹងមានជ័យ តាមរយៈផេករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្មីៗនេះក៏បានការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញផងដែរ។ សម្តេចថា “អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់”។

ក្រោយពីការដាក់ចេញ​គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ តាមរយៈសាលារាជធានីភ្នំពេញ នៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យ បានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញ ពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយ បញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈពលរដ្ឋរស់តាមមាត់ច្រាំង ប្រឡាយស្ទឹងមានជ័យ ទទួលបានដីសម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តង តាមគោល នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ស្ថាបនាប្រឡាយស្ទឹងមានជ័យ ប្រវែង១៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ។ គម្រោងនេះ ត្រូវបាន បែងចែកជា ៤តំណាក់កាល ឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យ និងខណ្ឌសែនសុខ ដែលមានពលរដ្ឋ រស់នៅនិងរងផលប៉ះពាល់ចំនួន ៥៧៣គ្រួសារ ហើយពលរដ្ឋនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តង៕ ដោយ ម៉ៅ ដារាត់

To Top