ព័ត៌មានជាតិ

UNDP ចាត់ទុកសកម្មភាពមីន ជាវិស័យអាទិភាព និងបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ លោក Nick Beresford អ្នកតំណាងអង្គការ UNDP ប្រចាំកម្ពុជា បានឲ្យដឹងថា UNDP ចាត់ទុកសកម្មភាពមីន ជាវិស័យអាទិភាព និងបន្តគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានគោល នយោបាយ និងយុទ្ធសាស្ត្រវិស័យមីនច្បាស់លាស់។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក លី ធុជ ទេស រដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក Nick Beresford  បានថ្លែងថា «UNDP ចាត់ទុកសកម្មភាពមីនជាវិស័យអាទិភាព និងបានសំដែងសុឆន្ទៈបន្តគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយនិង យុទ្ធសាស្ត្រវិស័យមីនច្បាស់លាស់ ។ បានសន្យាបន្តជួយកៀរគរ ធនធានបន្ថែមទៀតសម្រាប់ការបោស សម្អាតមីន ដើម្បីផ្តល់ដីសុវត្ថិភាព ជូនដល់ពលរដ្ឋក្រីក្រ និងកាត់បន្ថយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋកម្ពុជាផងដែរ»។

ចំណែកលោក លី ធុជ បានកោតសរសើរ ចំពោះអង្គការ UNDP ក្នុងភាពជាដៃគូក្នុង វិស័យសកម្មភាព មីន។ លោកស្នើសុំឲ្យ UNDP បន្តជួយកៀរគរថវិកា បន្ថែមជួយដល់វិស័យបោសសម្អាតមីន ដើម្បីឲ្យកម្ពុជា សម្រេចបាននូវគោលដៅគ្មានមីននៅឆ្នាំ២០២៥ ខាងមុខ៕ ដោយ អេង ប៊ូឆេង

To Top