ព័ត៌មានជាតិ

នគរបាលព្រំដែន ៖ ការបោះតង់របស់ វៀតណាម ជាប់ព្រំដែន កម្ពុជា នាពេលកន្លងទៅ មិនមែន ជាតំបន់ស​ ទេ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន បានថ្លែងថា ភាគីវៀតណាមដែល បានបោះតង់ជាប់នឹងព្រំដែនកម្ពុជា ចំនួន៨កន្លែង នាពេលកន្លងមក មិនមែនជាតំបន់ស នោះទេ គឺជាតំបន់ដែលមិនទាន់បានឯកភាពគ្នា ក្នុងការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន។ នេះបើយោង តាម ការ ចេញផ្សាយ អគ្គស្នងការដ្ឋាន នគរបាលជាតិ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់នាយនគរបាលជាន់ខ្ពស់-នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក ហ៊ូ សាគុណ បានឲ្យដឹងថា ក្នុងនាមនគរបាលជំនាញព្រំដែន មិនត្រូវយល់ច្រឡំនោះទេ ខណៈមានមតិខ្លះថា ការបោះតង់ ៣កន្លែងពីសំណាក់ភាគី វៀត ណាម នាពេលកន្លងទៅ ជាប់នឹងព្រំដែនខេត្តកណ្តាល ប្រទេសកម្ពុជានោះថា ជាតំបន់សគឺមិនមែនទេ ហើយត្រូវសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់។

លោកមានប្រសាសន៍ថា «យើងឃើញថា នៅព្រំដែនជាមួយនឹងប្រទេសវៀតណាម យើងមើលឃើញថា មានចំនួនបោះតង់៨ ត្រូវបានរើចេញ ហើយបាន ដក ថយទៅក្រោយវិញ ប៉ុន្តែ ពីមុនពួកគេបានមកបោះគៀកនឹងព្រំដែន ហើយការគេបោះ នោះយើងមិនអាច និយាយថាជាតំបន់សនោះទេ ពីព្រោះថា វាមិនទាន់បានឯកភាពគ្នាក្នុងការវាស់វែង។ ដូច្នេះហើយក្នុងរយៈពេលកន្លងទៅនេះ ឃើញមានសាធារណមតិមួយចំនួន គាត់បានលើកឡើងថា ជាតំបន់ស តែតាមពិតទៅវាមិនមែនជាតំបន់សទេ វាគឺជាតំបន់ដែលមិនទាន់មានការឯកភាពគ្នា ក្នុងការវាសវែងខណ្ឌសីមា និងការបោះបង្គោលព្រំដែន»។

ជាមួយគ្នានោះដែរ អគ្គស្នងការរងនគបាលជាតិ បាន បញ្ជាក់ថា ចាប់តាំងពីករណីមេរោគកូវីដ១៩មកភាគី វៀតណាមបានបោះតង់ដោយឯកតោភាគី ចំនួន២៥៦កន្លែង នៅតាមខេត្តមួយចំនួនដែលជាប់នឹងព្រំប្រទល់វៀតណាម ប៉ុន្តែដោយសារមានការតវ៉ាពីសំណាក់រដ្ឋបាលរបស់កម្ពុជា ពួកគេបានសម្រេច រើចេញ និងថកថយជាច្រើនកន្លែងវិញ។

លោកថា តែទោះជាយ៉ាងនេះក្តី នៅរយៈពេលថ្មីៗនេះពួកគេ ក៏បានសង់ឡើង២កន្លែងផងដែរ ដូច្នេះត្រូវជូនដំណឹង ទៅតាមរដ្ឋបាលដែនដីខេត្តនីមួយៗ ដើម្បីធ្វើយ៉ាងណាប្រាប់ដល់ពួកគេ(វៀតណាម)កុំឲ្យមានផល ប៉ះពាលនៃទំនាក់ទំនង និងផលប្រយោជន៍រវាងគ្នា និងគ្នា ដោយសារតែបញ្ហាព្រំដែននោះ។

យ៉ាងណាក៏ដោយ អគ្គស្នងការរងនគបាលជាតិ ក៏បានអំពាវនាវដល់នគរបាលព្រំដែនទាំងអស់ ត្រូវមានការ ស្មោះត្រង់ចំពោះ ជាតិសាសនា ព្រះមហាក្សត្រ និងត្រូវការពារឲ្យបានដាច់ខាត់ នូវបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវកំចាត់ចោលពួកអមិត្តទាំងអស់ ដែលមានចេតនាចង់បំផ្លិតបំផ្លាញជាតិ ជាដើម នោះ៕

To Top