ព័ត៌មានជាតិ

អាជ្ញាធរ នឹងពង្រឹងច្បាប់ តឹងរឹងបំផុត ការពារនិងអភិរក្ស សត្វត្រយ៉ងយក្ស-ត្រយ៉ងចង្កំកស

ភ្នំពេញ៖ លោក នេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឲ្យដឹងថា អាជ្ញាធរ មានសមត្ថកិច្ច នឹងពង្រឹងការអនុវត្តច្បាប់ តឹងរឹងបំផុត ដើម្បីការពារ និងអភិរក្សសត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំកស ដើម្បីជាផល ប្រយោជន៍សម្រាប់ជីវៈ ចម្រុះ សម្រាប់ការទាក់ទាញភ្ញៀវទេសចរ ។

តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោកនេត្រ ភត្រា្ត បានថ្លែងថា កម្ពុជាគឺជាទីជម្រកដ៏ធំតែមួយគត់ នៅលើពិភពលោក សម្រាប់សត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំកស ដែលជាប្រភេទសត្វងាយរងគ្រោះបំផុតជិតផុតពូជ នៅលើពិភពលោក។

លោកបន្តថា កម្ពុជាមានមោទនភាព ដែលមានសត្វកម្រនេះ ហើយចាំបាច់ ត្រូវរួមគ្នាការពារនិងអភិរក្សសត្វដ៏កម្រប្រភេទនេះឲ្យបានគង់វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ដើម្បីផលប្រយោជន៍ នៃជីវៈចម្រុះពិភពលោកទាំងមូលផងដែរ។

លោកថា “សមត្ថកិច្ចនឹងពង្រឹងការអនុវត្តច្បាប់ តឹងរឹងបំផុតដើម្បីការពារ និងអភិរក្សសត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំកស ដើម្បីជាផលប្រយោជន៍ សម្រាប់ជីវៈចម្រុះផង និងសម្រាប់ការទាក់ ទាញភ្ញៀវទេសចរផង” ។

រដ្ឋលេខាធិការឲ្យដឹងទៀតថា យោងតាមការជំរឿនសត្វត្រយង របស់អង្គការដៃគូនានា របស់ក្រសួងបរិស្ថានសត្វ ត្រយងយក្ស ដែលជាសត្វរងគ្រោះបំផុត នៅលើពិភពលោកមានចំនួនប្រមាណ ៣០០ ក្បាលស្មើនឹង ៩៩% នៃសត្វត្រយងយក្ស របស់ពិភពលោក ក្នុងនោះសត្វត្រយងយក្ស ពេញវ័យមានក្រោម ២០០ ក្បាល។

ចំណែកសត្វត្រយង ចង្កំកសមានចំនួនជិត ៦០០ក្បាល ស្មើនឹងប្រមាណ ៩៥% នៃសត្វត្រយងចង្កំកស នៅលើពិភពលោក។

លោកបញ្ជាក់ថា កាលឆ្នាំ ២០០៥ សត្វត្រយងយក្ស ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាប និមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។

លោកសង្កត់ធ្ងន់ថា សត្វត្រយងយក្សជាសត្វរងគ្រោះបំផុត ជិតផុតពូជ ហើយសត្វនេះត្រូវបានការពារ ដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្សសត្វត្រយងក្ស និងស្វតត្រយងចង្កំកសនេះដោយប្រុងប្រយ័ត្នបំផុត៕

ដោយ៖ធី លីថូ

To Top