ព័ត៌មានជាតិ

អ្នកនាំពាក្យកាន់អំណាច៖ ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាកិច្ចការផ្ទៃក្នុង

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណ បក្សប្រជាជនកម្ពុជា បានលើកឡើងថា ការតែងតាំង និងតម្លើងតួនាទីលោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល គឺជាកិច្ចការផ្ទៃក្នុង និងជាសិទ្ធិសម្រេចរបស់បក្ស។

ការលើកឡើងរបស់លោក សុខ ឥសាន ក្រោយក្រុម អ្នក សង្កេតការណ៍ និងមន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិជឿថា ការបន្ថែមតួនាទី នៅក្នុងជួរ បក្សនេះ គឺដើម្បីឲ្យលោក ហ៊ុន ម៉ាណែត គ្រប់គ្រងសមាជិក ជំនាន់ក្រោយរបស់គណបក្ស ដើម្បីឈានទៅស្នងតំណែង តពីឪពុករបស់លោក នៅ ថ្ងៃអនាគត។ ជាពិសេសតួនាទីនេះ នឹងជួយបង្កើនឥទ្ធិពល របស់លោក ក្នុងជួរមន្ត្រីស៊ីវិលស្របពេល លោកមានអំណាចខ្លាំងស្រាប់ នៅក្នុងជួរកងទ័ព។ នេះបើតាមការចុះផ្សាយវិទ្យុអាស៊ីសេរី។

តាមរយៈបណ្តាញតេឡេក្រាម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ លោក សុខ ឥសាន ថ្លែងថា “ការតែងតាំង និងតម្លើងតួនាទីឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកិច្ចការផ្ទៃក្នុង និងជាសិទ្ធិសម្រេច របស់គណបក្សប្រជាជនកម្ពុជា ស្របតាមសំណូមពរ ភារកិច្ចនយោបាយ និងសមត្ថភាពរបស់មន្ត្រី” ។

កាលពីថ្ងៃ១៣ មិថុនា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈ ប្រចាំការគណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្តាល បានធ្វើជាអធិបតីភាពផ្ទេរតំណែង ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជា ថ្នាក់កណ្តាល ឲ្យ
លោក ហ៊ុន ម៉ាណែត ក្រោយតែងតាំងកាលពីថ្ងៃ៨ មិថុនា ៕

To Top