ព័ត៌មានជាតិ

សម្តេច ទៀ បាញ់៖ ការរួមចំណែកកងយោធ​ពលខេមរភូមិន្ទ ក្រោមឆ័ត្រ UN បានពង្រឹងមិត្តភាពរវាង ប្រទេសជាមិត្តជិតឆ្ងាយ

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឲ្យដឹងថា ការរួមចំណែករបស់ កងយោធពលខេមរភូមិន្ទ ក្នុងការ ស្វែងរកសន្តិភាពជូន បណ្តាប្រទេសដែលកំពុងមានសង្គ្រាម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) បានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជាមិត្តជិតឆ្ងាយ ជាមួយកម្ពុជាយ៉ាងច្រើន។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “ការរួមចំណែករបស់ កងយោធពលខេមរភូមិន្ទ ក្នុងការស្វែងរកសន្តិភាពជូន បណ្តាប្រទេសដែលកំពុងមានសង្គ្រាម ក្រោមឆត្រអង្គការសហប្រជាជាតិ មិនគ្រាន់តែជាសក្ខីភាពបញ្ជាក់ថា កម្ពុជាទទួលបានសន្តិភាព ពេញលេញប៉ុណ្ណោះទេ តែក៏បានពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសជាមិត្តជិតឆ្ងាយ ជាមួយកម្ពុជាផងដែរ”។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានកងកម្លាំងមួកខៀវចំនួន៥ កងធំៗ សរុបចំនួន ៧៨៧នាក់ បាននិងកំពុងបំពេញ បេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន ៦រួមមាន៖ លីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី, សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងយ៉េមែន៕

ដោយ៖ ធី លីថូ

To Top