ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ អះអាងថា នឹងមានស្ពានអាកាសថ្មើរជើង ២៥ទៀត ក្នុងពេលខាងមុខ

ភ្នំពេញ៖ ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង ស្ពានអាកាសថ្មើរជើង ចំណុចខាងលិចផ្សារដើមគរ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ក្នុងរាជធានីភ្នំពេញ នឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ពានអាកាសថ្មើរជើង ២៥កន្លែងផ្សេងទៀត ក្នុងពេលឆាប់ខាងមុខ ខណៈបច្ចុប្បន្ន មាន៣កន្លែងសាងសង់រួចរាល់ និង២កន្លែងកំពុងសាងសង់ ។

អភិបាលរាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មាន បានឲ្យដឹងថា “ក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ទីក្រុងភ្នំពេញ គឺជាទីក្រុងមួយដែល មានមនុស្សតែ៧០នាក់ទេ ។តែជាជំហ៊ានៗ យើងបានឃើញហើយថា យើងបានពង្រីកផ្លូវ យើងធ្វើប្រព័ន្ធហេ ដ្ឋារចនាសម្ព័ន្ធ ក្រោមដី និងលើដី រហូតដល់យើងបានធ្វើ ទៅដល់លើអាកាសទៀត ។ ជាក់ស្តែង យើងកំពុងសាងសង់ នៅរង្វង់មូលចោមចៅ គឺស្ពានអាកាស ដ៏ធំមួយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍” ។

លោក ឃួង ស្រេង បានបន្ថែមឲ្យដឹងទៀតថា ដោយសារបច្ចុប្បន្ន ពលរដ្ឋជាង៣លាននាក់ ធ្វើការឆ្លងផ្លូវ ហើយបានជួបហានិភ័យខ្ពស់ ទើបមានការសាងសង់ ស្ពានថ្មើរជើងជាបន្តបន្ទាប់។

លោកថា “ស្ពាននេះ (ស្ពានអាកាសថ្មើរជើងផ្សារដើមគរ) គឺជាស្ពានទី១ ដែលយើងរៀបចំ ការសាកល្បងលើកទី១ ហើយយើងនឹងបន្តធ្វើ ២៥ស្ពានទៀត ទៅតាមតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ” ។

ស្ពានអាកាសថ្មើរជើង ចំណុចឈាងខាងលិចផ្សារដើមរគរ ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក មានបណ្ដោយ ប្រវែង២៧ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រ ត្រូវបាន សម្រុកធ្វើទាំងយប់សម្រេចបាន ៩៥%គិតមកដល់បច្ចុប្បន្ន ដែលបានរៀបចំពិធីក្រុងពាលី ទៅតាមទំនៀម ទំលាប់បែបសាសនា បញ្ចុះបឋមសិលាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ។

គួរបញ្ជាក់ទៀតថា មកដល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើង ចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន ៖ នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង និងកំពុងស្ថាបនា ស្ពានអាកាសថ្មើរជើង នៅតំបន់ផ្សារដើមគរ និងគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ដើម្បីឆ្លើយតប ទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ ដើម្បីបង្កលក្ខណៈ ងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវដោយ សុវត្ថិភាព៕

ដោយ៖ ដារាត់

To Top